ឡានអគ្គិសនី Mercedes នឹងមានជម្រើសដំបូលសូឡា នៅឆ្នាំ២០២៤

[ទីផ្សារបរទេស] ត្បិតថាគេនៅមិនទាន់ច្បាស់ថារថយន្ត Mercedes-Benz Vision EQXX នឹងអាចចូលរោងចក្រផលិត ឬក៏ស្ថិតនៅត្រឹមជារថយន្ត Concept នោះ ក្រុមហ៊ុន Mercedes បានបញ្ជាក់ថាបច្ចេកវិទ្យាដំបូលសូឡារបស់ខ្លួននឹងមានវត្តមានលើទីផ្សារ។

ប្រធានផ្នែកបច្ចេកវិទ្យារបស់ Mercedes បាននិយាយនៅក្នុងពេលធ្វើបទបង្ហាញអំពីរថយន្ត Vision EQXX ថាអតិថិជននៃរថយន្តអគ្គិសនីរបស់ខ្លួននៅថ្ងៃអនាគត នឹងមានជម្រើសជ្រើសរើសយកដំបូលសូឡាដែលនឹងជួយបង្កើនរយៈចម្ងាយបើកបរបានកាន់តែឆ្ងាយ ដែលជម្រើសនេះអាចនឹងលេចមុខនៅក្នុងឆ្នាំ២០២៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes អះអាងថាដំបូលសូឡាលើរថយន្ត Vision EQXX អាចបន្ថែមចម្ងាយបើកបរប្រចាំថ្ងៃបានចំនួន ២៥គីឡូម៉ែត្រ។ ប្រព័ន្ធសូឡានេះមានលក្ខណៈប្លែក ដោយសារថាមពលបានពីសូឡានឹងរក្សាទុកក្នុងអាគុយមួយផ្សេងទៀត ដែលថាមពលនេះនឹងត្រូវផ្គត់ផ្គង់ទៅកាន់ប្រព័ន្ធកម្សាន្ត ភ្លើង និងប្រព័ន្ធដទៃទៀតនៃរថយន្ត។ ហេតុនេះវាអាចជួយកាត់បន្ថយការចំណាយថាមពលរបស់អាគុយធំ និងផ្ដល់ជូនការបើកបរបានឆ្ងាយជាងមុន។

គួរដឹងថាមានរថយន្តជាច្រើនម៉ូដែលរួចមកហើយ ដែលដាក់លក់លើទីផ្សារមានប្រើដំបូលសូឡា ដូចជារថយន្ត Hyundai Sonata Hybrid និងរថយន្ត Hyundai Ioniq 5 ដែលលក់នៅអឺរ៉ុបជាដើម។

បច្ចេកវិទ្យាដទៃទៀតរបស់ Vision EQXX ក៏ទំនងជាលេចវត្តមានលើទីផ្សារផងដែរ ដែលក្នុងនោះអាចជាអាគុយកម្លាំង ៩០០វ៉ុល ដែលមានទំហំផ្ទុក ១០០kWh ដូចអាគុយលើរថយន្ត EQS 450+ ដែរ ប៉ុន្តែវាមានរូបរាងតូចជាង ៥០% និងមានទម្ងន់ស្រាលជាង ៣០%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម