ក្រុមហ៊ុន Fiat បានប្រកាសថា ចាប់ពីឆ្នាំ២០២៤ តទៅ គ្រប់រថយន្តប្រភេទ Performance ពីម៉ាក Abarth នឹងដំណើរការដោយថាមពលអគ្គិសនីទាំងអស់។
Abarth ត្រូវបានគេស្គាល់ច្បាស់ដោយសារតែរថយន្ត Abarth 500 និង 124 Spider។ មនុស្សជាច្រើនចូលចិត្តវាដោយសារតែទំហំតូច ប៉ុន្តែមានដំណើរការទទួលយកបាន។
ក្រុមហ៊ុនរថយន្តអ៊ីតាលី Fiat បានបញ្ជាក់ពីការផ្លាស់ប្តូររបស់ Abarth ទៅជាម៉ាករថយន្តអគ្គិសនីនៅក្នុងអំឡុងកម្មវិធី Stellantis EV Day ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា ម៉ូដែលមួយណានឹងក្លាយជារថយន្តអគ្គិសនីដំបូងគេឡើយ ខណៈគេសង្ស័យថាជាម៉ូដែល Fiat 500e។
ក្រៅពីម៉ាក Abarth ក្រុមហ៊ុន Fiat ខ្លួនឯងផ្ទាល់ក៏ធ្លាប់បានប្តេជ្ញាចិត្តថានឹងក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣០ ផងដែរ៕