ឡាន Chevrolet Corvette ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ លក់បាន៣លានដុល្លារ

កាលពីពេលថ្មីៗនេះ រថយន្តស្ព័រអាមេរិក Chevrolet Corvette Stingray ស៊េរីឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ ត្រូវបានដាក់លក់ដេញថ្លៃ រហូតដល់ទៅ ៣លានដុល្លារ។

រថយន្ត Corvette ថ្មី ដែលមានលេខតួ VIN #001 នេះ មិនទាន់ត្រូវផលិតចេញមកនៅឡើយទេ ហើយវានឹងត្រូវបាញ់ពណ៌ខ្មៅ ព្រមទាំងមានកាប៊ីនក្នុងពណ៌ខ្មៅផងដែរ។ មិនតែប៉ុណ្ណោះ វានឹងបំពាក់កញ្ចប់ Option “Z51 Performance Package” , “3LT” និង កៅអី GT2 ទៀតផង។

ពាណិជ្ជកម្ម

ដោយឡែក Chevrolet ក៏បានយក គំរូរថយន្ត Corvette ពណ៌ក្រហមមួយគ្រឿងទៅដាក់តាំងក្នុងអំឡុងពេលដេញថ្លៃ ក្នុងគោលបំណងដើម្បីបង្ហាញផងដែរ។

គួរឲ្យដឹងថា ការដេញថ្លៃដំបូងចាប់ផ្តើមចេញពីតម្លៃ ២០០ ០០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមិនបានប៉ុន្មានផងក៏ឡើងដល់ ១លានដុល្លារ ហើយក៏ឈានដល់ ២លានដុល្លារ និងចុងក្រោយបង្អស់គឺ ៣លានដុល្លារតែម្តង៕

Sponsored