រថយន្ត Genesis GV80 ស៊េរីឆ្នាំ ២០២១ បានបង្ហាញវត្តមាននៅលើទីផ្សារប្រទេសអូស្ត្រាលី ដោយមានជម្រើសម៉ាស៊ីនចំនួន៣ប្រភេទ ជាមួយតម្លៃមានចាប់ពីប្រមាណ ៦៤ ៨២៦ដុល្លារ ឡើងទៅ។
ទីមួយគឺប្រភេទ GV80 2.5T ដែលមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០សេះ។ ប្រភេទនេះមានបំពាក់មកជាស្តង់ដារនូវប្រព័ន្ធបើកបរវិលកង់ក្រោយ និងប្រអប់លេខអូតូ៨វគ្គ ដែលមានតម្លៃចាប់ពី ៦៣ ៨២៦ដុល្លារ។ អតិថិជនក៏អាចបន្ថែមប្រមាណ ៣ ៥២២ដុល្លារ ដើម្បីបានប្រព័ន្ធបើកបរវិលកង់ទាំងអស់។
ប្រភេទបន្ទាប់គឺប្រើប្រាស់ម៉ាស៊ីន ៣,០លីត្រ ប្រភេទម៉ាស៊ីនម៉ាស៊ូត ដែលមាន ៦ស៊ីឡាំង ផលិតកម្លាំងបាន ២៧៣សេះ។ វាមានបំពាក់មកជាមួយនូវប្រអប់លេខអូតូ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងអស់ ដោយមានតម្លៃចាប់ពីប្រមាណ ៧២ ៩៨៤ដុល្លារ។
ចុងក្រោយគឺប្រភេទខ្លាំងជាងគេដែលមានម៉ាស៊ីនចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ជា Twin-Turbocharged អាចផលិតកម្លាំងបាន ៣៧៥សេះ។ វាមានប្រព័ន្ធបើកបរវិលកង់ទាំងអស់ និងប្រអប់លេខអូតូ៨វគ្គ ដែលតម្លៃគឺមានចាប់ពី ៧៦ ៥០៧ដុល្លារ។
រថយន្តទាំងបីប្រភេទអាចបំពាក់នូវកញ្ចប់ Luxury Package តម្លៃប្រមាណ ៧ ០៤៤ដុល្លារ និងជម្រើសពណ៌ទឹកថ្នាំគ្រើមដោយមានតម្លៃប្រមាណ ១ ៤០៨ដុល្លារ។ ចំពោះ Luxury Package គឺមានកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, ម៉ាស៊ីនត្រជាក់បីតំបន់, កៅអីអ្នកបើកបរអាចកំណត់បាន ១៨បែប និងមានមុខងារម៉ាស្សា, មានប្រើស្បែកប្រភេទ Nappa, ទ្វារប្រភេទស្រូបពេលបិទ និងចំណុចពិសេសជាច្រើនទៀត៕