ទាល់តែចុងឆ្នាំ ២០២០ ទើបរថយន្ត SUV អគ្គិសនីរបស់ Ford ចេញមុខជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនបានប្រាប់ដំណឹងថ្មីៗមួយចំនួនទាក់ទងនឹងរថយន្តដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនេះ។
ដំបូងគេគឺរថយន្តនេះនឹងមកជាមួយនូវឆ្នាំងសាក Ford Mobile ដែលអាចដោតទៅឌុយភ្លើង ១២០ ឬ ២៤០ វ៉ុល។ ជាមួយឌុយភ្លើង ១២០ វ៉ុលវានឹងអាចផ្ដល់នូវរយៈចម្ងាយ ៤,៨ គីឡូម៉ែត្រ ពេលសាកបានមួយម៉ោង។
ចំណែកឌុយភ្លើង ២៤០ វ៉ុលវិញ នឹងអាចផ្ដល់នូវរយៈចម្ងាយបើកបរបាន ៣៥ គីឡូម៉ែត្រសម្រាប់ការសាកមួយម៉ោង។ ចង់បានលឿនជាងនេះ អតិថិជនអាចទិញ Ford Connected Charge Station ដែលអាចផ្ដល់ចម្ងាយបាន ៥១ គីឡូម៉ែត្រ។
ត្បិតថាការសាកភ្លើងភាគច្រើនគឺធ្វើនៅផ្ទះ ប៉ុន្តែអ្នកប្រើប្រាស់ក៏នឹងត្រូវការសាកភ្លើងតាមផ្លូវផងដែរ។ សម្រាប់ចំណុចនេះ Ford នឹងផ្ដល់ជូនអតិថិជននូវការសាកភ្លើងឥតគិតថ្លៃ ២ឆ្នាំ នៅស្ថានីយជាង ១២ ០០០ កន្លែងឯណោះ៕