[ទីផ្សារបរទេស] រថយន្ត Suzuki Jimny ប្រភេទទ្វារប្រាំ ត្រូវបានរាយការណ៍ថាកំពុងតែធ្វើតេស្តដំណាក់កាលចុងក្រោយ មុនការបង្ហាញខ្លួននៅអំឡុងឆ្នាំ២០២២នេះ ឬឆាប់បំផុតគឺនៅដើមឆ្នាំ២០២៣ ខាងមុខ។
រថយន្ត Jimny ទ្វារប្រាំ ដើមឡើយគ្រោងចេញលក់លើទីផ្សារនៅឆ្នាំ២០២២នេះ ប៉ុន្តែដោយសាររថយន្តប្រភេទទ្វារបីមានតម្រូវការខ្ពស់ពេក ពិបាកឲ្យ Suzuki បន្ថយការផលិត។ គួបផ្សំនឹងវិបត្តិសង្វាក់ផ្គត់ផ្គង់ ធ្វើឲ្យរថយន្ត Jimny ទ្វារប្រាំត្រូវបន្តអូសបន្លាយពេលបន្ថែមទៀត។
តាមរយៈ Carbuzz បានអះអាងថាម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០១សេះ ត្រូវបានផ្លាស់ប្ដូរចេញ ដោយជំនួសមកវិញនូវម៉ាស៊ីនដែលមានម៉ូទ័រ Turbo ជាមួយប្រព័ន្ធម៉ាស៊ីន Hybrid ពាក់កណ្ដាល។
គេសង្ស័យថាការផ្លាស់ប្ដូរថ្មីលើម៉ាស៊ីនគឺដើម្បីបង្កើនកម្រិតសន្សំសំចៃប្រេងឥន្ធនៈ ដើម្បីប៉ះប៉ូវដល់ការកើនឡើងនៃទម្ងន់រថយន្តតាមរយៈការបន្ថែមប្រវែងរថយន្ត ហើយក៏ជាវិធីសាស្ត្រមួយក្នុងការវិវត្តន៍ខ្លួនចូលទីផ្សាររថយន្តដែលកំពុងត្រូវប៉ាន់នឹងអគ្គិសនីផងដែរ៕