ស្របពេលដែលក្រុមហ៊ុន Ford កំពុងតែត្រៀមខ្លួនបញ្ចេញភីកអាប់ Ranger ជំនាន់ថ្មី ស៊េរីឆ្នាំ២០២២ នោះ តម្លៃនៃរថយន្តនេះបច្ចុប្បន្នបានចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងខែនេះ ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក បានប្រកាសបញ្ចុះតម្លៃភីកអាប់ខ្នាតកណ្តាល Ranger ដល់ទៅ ៥ ៥០០ដុល្លារឯណោះ។
សូមបញ្ជាក់ថា រថយន្ត Ford Ranger ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៥ ០៧០ដុល្លារ និងឡើងរហូតដល់ ៣៣ ១៦០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ បើដកការបញ្ចុះតម្លៃ ៥ ៥០០ដុល្លារចេញ នោះតម្លៃគោលនៃរថយន្ត Ford Ranger ឆ្នាំ២០២១ នៅសល់មិនដល់ ២០ ០០០ដុល្លារផង។
គួរឲ្យដឹងដែរថា ក្រៅពី Ford Ranger ក្រុមហ៊ុន Ford ក៏ទើបតែបានប្រកាសបញ្ចុះតម្លៃលើរថយន្តស្ព័រ Mustang របស់ខ្លួនចំនួន ៤ ០០០ដុល្លារ ខណៈសិស្សនិស្សិតអាចទទួលបានការបញ្ចុះតម្លៃថែម ១ ០០០ដុល្លារទៀត សរុប ៥ ០០០ដុល្លារឯណោះ។ ការបញ្ចុះតម្លៃនេះគឺសម្រាប់ម៉ូដែល Mustang ស៊េរីឆ្នាំ២០២០ និង ២០២១ ប៉ុណ្ណោះ៕