កាន់តែអស្ចារ្យ ឡានអគ្គិសនី Mercedes សាកភ្លើងម្ដង ជិះបាន ១២០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] រថយន្ត Concept ឈ្មោះ Vision EQXX របស់ Mercedes-Benz ត្រូវបាន​ឌីហ្សាញ​ឡើងដើម្បី​បង្ហាញ​អំពី​អនាគតរថយន្ត SUV ដែលសន្សំសំចៃថាមពលខ្លាំងដាច់គេរបស់ក្រុមហ៊ុន ហើយដើម្បីបញ្ជាក់ពីចំណុចនេះ រថយន្តនេះ​បាន​បញ្ចប់​ការបើកបរចម្ងាយ ១០០៨គ.ម លើការសាកភ្លើងមួយលើក ដែលថាមពលគឺនៅសេសសល់​ ១៥% ថែមទៀត។

ដើម្បីទទួលបានតួលេខកាន់តែអស្ចារ្យ Mercedes បាន​យករថយន្ត Vision EQXX បើកបរ​ម្ដងទៀត ដែល​ម្ដងនេះ​វា​អាច​បំបែក​កំណត់ត្រារបស់ខ្លួនឯង ដោយទទួលបានចម្ងាយបើកបររហូតដល់ ១២០២គីឡូម៉ែត្រឯណោះ។ លទ្ធផលអស្ចារ្យនេះអាច​ទទួលបាន​ដោយ​សារតែ Vision EQXX មាន​រចនាបថដែលជ្រែកខ្យល់ ហើយ​អ្វីដែលអស្ចារ្យគឺវាមានបំពាក់អាគុយចំណុះត្រឹមប្រមាណ ១០០kWh ដែលតូចជាងអាគុយរបស់ EQS នៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរនៃការបើកបរបានចាប់ផ្ដើមចេញពីទីស្នាក់ការកណ្ដាលរបស់ Mercedes នៅក្នុងប្រទេសអាល្លឺម៉ង់ រួចបន្តឆ្លងទៅដល់​ប្រទេស​បារាំង មុន​ទៅដល់​គោលដៅចុងក្រោយដែលស្ថិតនៅចក្រភពអង់គ្លេស។

ក្រោយការបើកបរអស់ចម្ងាយ ១២០២គីឡូម៉ែត្រ ដែលប្រើពេលបើកបរ ១៤ម៉ោង និង៣០នាទី ក្នុងរយៈពេលសរុបពីរថ្ងៃ រថយន្ត Vision EQXX បានធ្វើដំណើរទៅកាន់​ទីស្នាក់ការ Mercedes-AMG High Performance Powertrain ដើម្បី​សាក​បញ្ចូល​ថាមពល​មុនការបង្ហាញមុខជាសាធារណៈនៅកម្មវិធី Goodwood Hillclimb៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម