
ទីផ្សាររថយន្តអគ្គិសនី នៅប្រទេសន័រវែស ត្រូវបានគេចាត់ទុកថាជាពិភពដែនដីនៃរថយន្តអគ្គិសនី ហើយទីផ្សាររថយន្ដអគ្គិសនីធំមួយនៅតំបន់អឺរ៉ុប កំពុងធ្វើឲ្យក្រុមហ៊ុន Tesla មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបើកទំព័រឆ្នាំថ្មីទើបតែបាន១ខែ បែរជាការលក់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះ កំពុងជួបប្រទះការលក់ធ្លាក់ចុះយ៉ាងគំហុកជិត ៩០% បើប្រៀបទៅខែមករាកាលពីឆ្នាំមុន។
យោងតាមទិន្នន័យនៃការចុះបញ្ជីរថយន្តថ្មីចាប់ពីខែមករា ឆ្នាំ២០២៦ បានបង្ហាញថា រថយន្ត Tesla Model Y ត្រឹមតែ ៦២ គ្រឿងប៉ុណ្ណោះ ត្រូវបានប្រគល់ឲ្យអតិថិជននៅក្នុងប្រទេសន័រវែសកាលពីខែមុន ដែលស្មើនឹងត្រឹមតែ ២.៨ ភាគរយ នៃការលក់រថយន្តថ្មីសរុបក្នុងប្រទេសន័រវែស។ បើគិតពីលក់រថយន្ដអគ្គិសនីសរុបគ្រប់ម៉ូឌែលទាំងអស់ Tesla លក់បានរថយន្ដត្រឹមតែ ៨៣ គ្រឿងប៉ុណ្ណោះ មានការធ្លាក់ចុះដល់ទៅ ៨៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្ននេះ រថយន្តអគ្គិសនីជាច្រើនម៉ូឌែលផ្សេងទៀត កំពុងតែដណ្ដើមបានចំនួនលក់លើសពី Model Y យ៉ាងច្រើននៅក្នុងប្រទេសន័រវែស។ ក្នុងនោះម៉ូឌែលនាំមុខគេក្នុងការលក់នៅខែមករាគឺរថយន្ដ Volkswagen ID.3 លក់បានរហូតដល់ចំនួន ២៩៩ គ្រឿង ពោលគឺច្រើនជាងរថយន្ត Tesla ជិត ៥ ដង។ ចំណែករថយន្ត Toyota bZ4X តាមពីក្រោយស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដោយលក់បានចំនួន ១៨៤ គ្រឿង ខណៈថយន្ត Toyota Urban Cruiser ឈរនៅលេខ៣ លក់បានចំនួនន ៩៨ គ្រឿង ។
វាមិនមែនជារឿងអាថ៌កំបាំងនោះទេដែលថាលទ្ធភាពនៃការរបស់ Tesla នៅក្នុងអឺរ៉ុបបានស្ថិតក្រោមសម្ពាធមួយរយៈមកហើយ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលរំពឹងទុកថា ការធ្លាក់ចុះវានឹងមានសភាពគំហុកខ្លាំងយ៉ាងនេះ បែបនេះដែលស្ទើរមិនគួរឲ្យជឿ។ខណៈពេលដែល Tesla បានស៊ូទ្រាំនិងការលក់ប្រចាំខែដ៏លំបាកនៅក្នុងប្រទេសន័រវែស ក្រុមហ៊ុននេះបែរជាទទួលបានកំណើនលក់បន្តិចបន្តួចវិញនៅក្នុងទីផ្សារអឺរ៉ុបមួយចំនួន ក្នុងនោះការលក់របស់គេមានការកើនឡើង ៧០%នៅក្នុងប្រទេសអេស្ប៉ាញ ដោយលក់រថយន្ដបានចំនួន ៤៥៦ គ្រឿង។
ជាមួយគ្នានេះការលក់បានហក់ឡើង ៧៥% នៅក្នុងប្រទេសអុីតាលី ដោយលក់រថយន្ដបានចំនួន ៧១៣ គ្រឿង។ ដោយឡែកនៅក្នុងប្រទេសស៊ុយអែត មានការកើនឡើង ២៦% លក់រថយន្ដបានចំនួន ៥១២ គ្រឿងនិងកើនឡើង៣% នៅក្នុងប្រទេសដាណឺម៉ាក ដោយលក់រថយន្ដសរុបបានចំនួន ៤៥៨ គ្រឿង៕




















