ការលក់រថយន្តអគ្គិសនីនៅថៃ នឹងកើនឡើងដល់ ២០% នៅឆ្នាំ ២០២២ នេះ

កំណើននៅក្នុងទីផ្សាររថយន្តថៃត្រូវបានគេរំពឹងថា នឹងរក្សាសន្ទុះរបស់ខ្លួនពេញមួយឆ្នាំ ដោយការលក់រថយន្តអគ្គិសនី ត្រូវបានព្យាករណ៍ថា នឹងកើនឡើងពី ១៥ ទៅ ២០% នៅឆ្នាំ២០២២ នេះ បើយោងតាមការប៉ាន់ស្មានចុងក្រោយពីអ្នករៀបចំពិព័រណ៍រថយន្តអន្តរជាតិថៃ Thailand International Motor Expo។

ជាមួយគ្នានេះដែរ ការលក់រថយន្តក្នុងស្រុកក្នុងអំឡុងពេល ៤ខែដំបូងនៃឆ្នាំ ២០២២ បានកើនឡើង ១៦-១៧% ពីមួយឆ្នាំទៅមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Kwanchai Paphatphong ប្រធានក្រុមហ៊ុន Inter-Media Consultant Co ដែលរៀបចំពិព័រណ៍ខាងលើបាននិយាយថា៖

វិស័យនេះគួរតែទទួលបាននូវទស្សនវិស័យដ៏ភ្លឺស្វាង នៅពេលដែលរដ្ឋាភិបាលបន្តបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ និងទទួលយកកញ្ចប់ជំរុញសេដ្ឋកិច្ច។

ក្នុងនោះដែរ លោក Paphatphong រំពឹងថា ការផលិតរថយន្តរបស់ប្រទេសថៃនៅឆ្នាំនេះ នឹងសម្រេចបាននូវគោលដៅរបស់ខ្លួនចំនួន ១,៨ លានគ្រឿង បើទោះបីជាមានកង្វះខាតបន្ទះឈីបអេឡិចត្រូនិច, គោលនយោបាយគ្មានកូវីដរបស់ចិន ដែលកំពុងរារាំងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និង ផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនលើការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដោយ។

មិនតែប៉ុណ្ណោះ លោក Paphatphong ក៏បានរំពឹងថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងយឺតៗនៅឆ្នាំ ២០២២ ប្រហែល ១៥-២០% ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលកង្វះខាតបន្ទះឈីបអេឡិចត្រូនិច បានបណ្តាលឲ្យក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកមួយចំនួន ពន្យារពេលនៃការបញ្ជាទិញរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម