ការលក់ឡានអគ្គិសនីរបស់ Mercedes-Benz កើនឡើង ៣ដង ខណៈម៉ូដែល S-Class ក៏លក់ដាច់ច្រើន

ក្រុមហ៊ុន Mercedes បានចែករំលែកទិន្នន័យស្តីពីតួលេខនៃការលក់រថយន្តរបស់ខ្លួន សម្រាប់ត្រីមាសទី១ នៃឆ្នាំ ២០២២ ហើយខណៈពេលដែលតចំនួនសរុបនៃរថយន្ត ៥០១ ៦០០ គ្រឿង គឺទាបជាង ១៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ដោយសារតែកង្វះបន្ទះឈីប វាបានឃើញថា ការចែកចាយរថយន្តអគ្គិសនីសុទ្ធ កើនឡើង ៣ដង ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជាពិសេសជាងនេះទៅទៀត Mercedes បានលក់រថយន្តអគ្គិសនីសុទ្ធ ចំនួន ២១ ៩០០គ្រឿង នៅចន្លោះខែមករា និងខែមីនា ដែលតំណាងឲ្យការកើនឡើង ២១០ ភាគរយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា បច្ចុប្បន្ននេះជួររថយន្តអគ្គិសនីរបស់ Mercedes រួមមាន EQA SUV, EQB SUV, និង EQC SUV រួមទាំង EQE Sedan និង EQS Sedan ប៉ុន្តែវានឹងត្រូវបានពង្រីកក្នុងពេលឆាប់ៗនេះ ជាមួយនឹង EQS SUV ដែលគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែមេសា។

ដោយឡែក ការលក់រថយន្តប្រើម៉ាស៊ីន Plug-in Hybrid បានកើនឡើងតិចតួច ត្រឹម ៨ ភាគរយ ដល់ ៤៥ ៩០០ គ្រឿង។ ការបន្ថែមការចែកចាយ រថយន្តប្រភេទ Plug-in Hybrid និង អគ្គិសនីសុទ្ធ បង្កើតបាន ១៥ ភាគរយនៃការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុន Mercedes និង ៣៣ ភាគរយ នៃការចែកចាយនៅអឺរ៉ុប។

សូមបញ្ជាក់ថា រថយន្ត Mercedes ដែលលក់ដាច់បំផុតនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២ គឺម៉ូដែល GLC ដែលមានចំនួន ១០០ ៤០០ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ តារានៃម៉ាកនេះ គឺ S-Class ដែលកត់ត្រាការលក់កើនឡើង ៦៧ ភាគរយ ខណៈដែលMercedes-Maybach បានកើនឡើង ១៦១ ភាគរយឯណោះ។

សរុបមក យានជំនិះលំដាប់ខ្ពស់ពី AMG, Maybach, G-Class, S-Class, GLS និង EQS លក់បាន ៧៦ ២០០ គ្រឿង ជាលទ្ធផលត្រីមាសល្អបំផុតមិនធ្លាប់មានរបស់ពួកគេ ដែលបង្ហាញពីតម្រូវការកើនឡើងទោះបីជាមានបញ្ហាប្រឈមក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម