ការលក់ឡាន Audi នៅតែបន្តកើនឡើងខ្លាំង នៅឆ្នាំ ២០២១

សម្រាប់មនុស្សភាគច្រើន ឆ្នាំ ២០២១ មិនសូវជាប្រសើរប៉ុន្មាននោះទេ ក៏ដោយសារតែរោគរាតត្បាតកូវីដ១៩ នៅតែបន្តកើតមាន ហើយបញ្ហាកង្វះបន្ទះឈីបសម្រាប់ប្រើលើរថយន្ត ក៏កំពុងតែធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តជាច្រើនឈឺក្បាលដែរ ដែលជាហេតុប៉ះពាល់ដល់ការផលិតរថយន្ត ប៉ុន្តែក្រុមហ៊ុនមួយចំនួននៅតែអាចគ្រប់គ្រងស្ថានភាពនេះបាន ហើយបង្កើនការលក់របស់ពួកគេទៀតផង។ ជាក់ស្តែងក្រុមហ៊ុន Audi America ជាឧទាហរណ៍ស្រាប់។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ បានបង្ហាញពីការកើនឡើងនៃការចែកចាយរថយន្តនៅត្រីមាសទី ២ ចំនួន ៩២% បើប្រៀបធៀបទៅនឹងឆ្នាំមុន ហើយការលក់កើនឡើង ៦០ ភាគរយ ដែលជំរុញដោយម៉ូដែលពេញនិយមដូចជា Audi Q3 និង Q5។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម Audi America បានឲ្យដឹងថា នេះគឺជាលទ្ធផលនៃការលក់ក្នុងឆមាសទី ១ ដែលល្អបំផុត និងលទ្ធផលនៃការលក់ប្រចាំត្រីមាសខ្លាំងបំផុតមិនធ្លាប់មានផងដែរ។

ការលក់ និងការចែកចាយដ៏ធំនេះត្រូវបាននាំមុខដោយត្រកូល Q ដែលជា SUV ដ៏ពេញនិយម ជាពិសេសគឺ Audi Q5។ Q5 បានបង្ហាញពីការកើនឡើងនៃការលក់ ១៣៣ ភាគរយនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ និងកើនឡើង ៨៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរ Q7 បានកើនឡើង ១២៦ ភាគរយនៅត្រីមាសទី ២ ខណៈ Q3 មានការលក់កើនឡើង ១២៤ ភាគរយ។

បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ លទ្ធផលត្រីមាសទី ២ ដែលបានបូកបញ្ចូលគ្នាសម្រាប់ Q3, Q5 និង Q7 គឺជាអត្រាកំណើនគួរឲ្យចាប់អារម្មណ៍ដល់ ១២៩ ភាគរយ។ សូមបញ្ជាក់ផងដែរថា តួលេខនៃការលក់ទាំងនេះគឺប្រសើរជាងលទ្ធផលឆ្នាំ ២០១៩ ដល់ទៅ ៥០ ភាគរយឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម