ការសិក្សាគួរឲ្យចាប់អារម្មណ៍មួយបានបង្ហាញថា អតិថិជនមួយចំនួនធំចង់ទិញរថយន្តដែលប្រើអគ្គិសនី ជារថយន្តបន្ទាប់របស់ពួកគេ។
ការស្ទង់មតិមនុស្សជាង ៩ ០០០ នាក់នៅទូទាំង ១៣ ប្រទេស រួមមានទាំង សហរដ្ឋអាមេរិក កាណាដា ចិន អាល្លឺម៉ង់អូស្ត្រាលី សិង្ហបុរី និងនូវែលសេឡង់ បានរកឃើញថា មិនតិចជាង ៤១ ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេចង់បានរថយន្តដែលប្រើថាមពលអគ្គីសនី (អគ្គិសនីសុទ្ធ, Hybrid ឬ Plug-in Hybrid) ប៉ុន្តែតួលេខខុសគ្នាអាស្រ័យតាមប្រទេសនីមួយៗដែរ។
នៅសហរដ្ឋអាមេរិក ៦៦ ភាគរយនៃអ្នកដែលបានស្ទាបស្ទង់មតិបាននិយាយថា រថយន្តបន្ទាប់របស់ពួកគេនឹងជាប្រភេទប្រើម៉ាស៊ីនចំហេះក្នុង ខណៈ ២៨ ភាគរយបាននិយាយថា ពួកគេកំពុងពិចារណាទាំងរថយន្តអគ្គិសនី, Hybird ឬ Plug-in Hybrid។
ដោយឡែកនៅអូស្រ្តាលីវិញមាន ៧៥ ភាគរយបាននិយាយថា រថយន្តបន្ទាប់របស់ពួកគេនឹងជារថយន្តប្រើសាំង ឬម៉ាស៊ូតខណៈដែល ១៧ ភាគរយទៀតនឹងជ្រើសយករថយន្តអគ្គិសនី។
ក្រឡេកទៅមើលប្រទេសកូរ៉េខាងត្បូងវិញមាន ៥១ ភាគរយនិយាយថា ពួកគេនឹងទិញរថយន្តអគ្គិសនី ខណៈ ៣២ ភាគរយទៀតនឹងជ្រើសរើសយករថយន្តប្រើសាំង ឬម៉ាស៊ូត។ ស្រដៀងគ្នានេះដែរ អ្នកឆ្លើយសំណួរ ៥៣ ភាគរយមកពីប្រទេសសិង្ហបុរីកំពុងពិចារណាលើរថយន្តអគ្គិសនីដែរ៕