រថយន្តដែលប្រើរាប់ឆ្នាំមកហើយនោះ នឹងនៅតែមានដំណើរការល្អប្រសើរ ប្រសិនបើអ្នកបើកបរចេះថែទាំរថយន្តបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាចំណុចដែលម្ចាស់រថយន្តត្រូវត្រួតពិនិត្យ ក្រោយប្រើរថយន្តបានចម្ងាយ ៨ ម៉ឺនគីឡូម៉ែត្រ ៖
ពិនិត្យប្រព័ន្ធបញ្ចេញផ្សែង
ប្រព័ន្ធបញ្ចេញផ្សែងលើរថយន្តសម័យបច្ចុប្បន្ននេះអាចប្រើប្រាស់បានរហូតដល់ចម្ងាយ ១៦ ម៉ឺនគីឡូម៉ែត្រឯណោះ ឬ អាចប្រើបានដល់ ១០ ឆ្នាំ។ យ៉ាងណាក្ដីពេលដែលរថយន្តជិះបានចម្ងាយ ៨ ម៉ឺនគីឡូម៉ែត្រហើយនោះ អ្នកគួរត្រួតពិនិត្យប្រព័ន្ធបញ្ចេញផ្សែងដើម្បីឲ្យប្រាកដថាវានៅមានដំណើរការល្អប្រសើរនៅឡើយ។
ត្រួតពិនិត្យបូម
មានករណីផ្សេងៗគ្នាដែលធ្វើឲ្យបូមរថយន្តរងការខូចខាត។ បូមផ្នែកខាងមុខជាផ្នែកដែលឆាប់ខូចខាតបំផុត ហើយពេលបើកបានចម្ងាយ ៨ គីឡូម៉ែត្រ គួរតែពិនិត្យមើលបូមខាងមុខថាមានខូចខាតកន្លែងណាខ្លះ។
ពិនិត្យគម្របបិទធុងសាំង
ផ្នែកប្រព័ន្ធប្រេងឥន្ធនៈដែលអ្នកគួរត្រួតពិនិត្យពេលរថយន្តបើកបានចម្ងាយ ៨ ម៉ឺនគីឡូម៉ែត្រគឺមានពីរចំណុច ទីមួយត្រូវប្ដូរតម្រងប្រេងសាំង និង ទីពីរត្រូវពិនិត្យគម្របបិទធុងសាំង។
គម្របបិទធុងសាំងភាគច្រើនតែងមានជ័រកៅស៊ូរាងមូលនៅជុំវិញ។ ប្រសិនបើជ័រនេះខូចខាត ប្រេះ របក ឬ ដាច់ នោះគម្របសាំងមិនអាចបិទធុងសាំងឲ្យជិតនោះទេ ជាលទ្ធផលអាចធ្វើឲ្យសាំងហៀរចេញមកក្រៅពេលបើកបរ ជាពិសេសចំហាយប្រេងនឹងភាយចេញមកក្រៅធ្វើឲ្យឆាប់ ហួតបង្កជាករណីចុះប្រេងច្រើន។
ប្ដូរប្រេងប្រអប់លេខ និងតម្រងប្រេង
រថយន្តស៊េរីថ្មីភាគច្រើនប្រើប្រអប់លេខដែលបិទជិត ហើយរោងចក្របានណែនាំថាមិនបាច់ប្ដូរប្រេងប្រអប់លេខ ឬ តម្រងប្រេងនោះទេ។ ប៉ុន្តែចំពោះរថយន្តដែលផលិតមុនឆ្នាំ ២០១៤ មានការណែនាំពីអ្នកជំនាញថាគួរតែប្ដូរប្រេងប្រអប់លេខ និងតម្រងប្រេងក្នុងប្រអប់លេខម្ដង នៅពេលជិះបានចម្ងាយ ៨ ម៉ឺនគីឡូម៉ែត្រ។
ប្ដូរតម្រងប្រេងសាំង
តម្រងប្រេងសាំងមានតួនាទីច្រោះនូវភាគល្អិតៗ ដូចជាកម្ទេចកំទីដែលមាននៅក្នុងប្រេងសាំង មិនឲ្យចូលដល់កន្លែងបង្ហូរប្រេង ដែលអាចធ្វើឲ្យស្ទះលំហូរប្រេង និងប៉ះពាល់ដល់បូមសាំងផងដែរ។ ដូចនេះគួរធ្វើការប្ដូរវាចេញម្ដង ប្រសិនបើរថយន្តជិះបានចម្ងាយ ៨ ម៉ឺនគីឡូម៉ែត្រហើយនោះ៕