Bugatti បញ្ចេញរថយន្តថ្មីតម្លៃ ៣,៩លានដុល្លារ មានផលិតតែ ៦០គ្រឿងប៉ុណ្ណោះ

រថយន្ត Chiron Super Sport 300+ ដែលក្រុមហ៊ុន Bugatti បានបង្ហាញចេញកាលពីឆ្នាំ ២០១៩ បានធ្វើឲ្យកក្រើកឧស្សាហកម្មយានយន្តដោយសារសមត្ថភាពអាចស្ទុះដល់ល្បឿន ៣០០ម៉ាយ/ម៉ (៤៨២គ.ម/ម៉) របស់វា។ វាមានសមត្ថភាពអស្ចារ្យ ប៉ុន្តែបានលះបង់នូវប្រណីតភាពមួយចំនួន។

សម្រាប់អ្នកដែលចង់បានរថយន្តដែលខ្លាំងក្លាដូចជា Super Sport 300+ ប៉ុន្តែមិនចង់បាត់បង់ប្រណីតភាព ពេលនេះក្រុមហ៊ុន Bugatti បានបញ្ចេញរថយន្តផលិតមានកំណត់ថ្មី មានទាំងសមត្ថភាពខ្លាំង និងប្រណីតភាពខ្ពស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តម៉ូដែល Chiron Super Sport ជារថយន្តមហាកម្លាំងថ្មី ដែលមានផលិតត្រឹម ៦០គ្រឿងប៉ុណ្ណោះក្នុងលោក ហើយមួយគ្រឿងៗគឺមានតម្លៃប្រមាណ ៣,៩លានដុល្លារ។ ផ្នែកខាងក្នុងរបស់វាមានបំពាក់ដោយស្បែក និងប្រណីតភាពដែលសក្តិសមសម្រាប់ការធ្វើដំណើរល្បឿនលឿន។

រថយន្តនេះមានបំពាក់ដោយម៉ាស៊ីនកម្លាំង ១៥៧៨សេះ ដូចជា Super Sport 300+ ដែរ ប៉ុន្តែពេលនេះល្បឿនអតិបរមារបស់បានកំណត់នៅត្រឹម ៤៤០គ.ម/ម៉ ប៉ុណ្ណោះ ដែលជាល្បឿនស្ថិតនៅក្នុងកម្រិតមួយមានសុវត្ថិភាព ខុសពី Super Sport 300+ ដែលមានល្បឿនដល់ ៤៩០,៤៨គ.ម/ម៉។

រថយន្ត Chiron Super Sport នេះមានសមត្ថភាពស្ទុះពី ០ ដល់ ២០០គ.ម/ម៉ ក្នុងពេលត្រឹម ៥,៨វិនាទី និងអាចស្ទុះពី ០ ដល់ ៣០០គ.ម/ម៉ ក្នុងពេល ១២,១វិនាទី ដែលជាសមត្ថភាពមួយខ្លាំងក្លាជាងរថយន្ត Chiron ធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម