[ទីផ្សារបរទេស] ដោយសារភាពជោគជ័យនៃរថយន្ត My Ami Buggy នៅពេលនេះក្រុមហ៊ុនរថយន្តបារាំង Citroen បានបង្ហាញចេញរថយន្តអគ្គិសនីខ្នាតតូចប្រភេទពិសេសថ្មីដែលមានឈ្មោះថា My Ami Tonic ជារថយន្តលំដាប់ថ្នាក់ Flagship ថ្មីនៃរថយន្តត្រកូល Ami។
ជាមួយរចនាបថទាក់ទាញ រថយន្តតូចច្រឡឹងនេះមានបង្កប់ចំណុចអាថ៌កំបាំងមួយចំនួន ដូចជាកូអរដោនេះដែលបានបិតលើបង្អួតនៃរថយន្តគឺតំណាងឲ្យទីតាំងនៃ Automotive Design Network របស់ក្រុមហ៊ុន Stellantis ដែលមានមូលដ្ឋាននៅប្រទេសបារាំង។ ចំណែកសញ្ញា + នៅលើទ្វាររបស់អ្នកបើកបរ និងសញ្ញា – លើទ្វាររបស់អ្នកដំណើរ គឺតំណាងឲ្យប៉ូលរបស់អាគុយផងដែរ។
លោក Mathieu Wandon ប្រធានផ្នែកក្រាហ្វិកឌីហ្សាញនៅ Citroen បានពណ៌នាពីរថយន្ត My Ami Tonic នេះថាជាឧបករណ៍លេងកម្សាន្តសម្រាប់មនុស្សមានវ័យចាប់ពី ១៤ឆ្នាំ ដល់៧៧ឆ្នាំ។
ចំពោះផ្នែកបច្ចេកទេសមិនមានការផ្លាស់ប្ដូរឡើង ដោយវានៅតែមានបំពាក់មកជាស្តង់ដារនូវអាគុយលីចូមចំណុះ ៥,៥kWh ដែលផ្ដល់ចម្ងាយបើកបរ ៧០គីឡូម៉ែត្រ និងមានម៉ូទ័រអគ្គិសនីដែលផ្ដល់កម្លាំងបាន ៨សេះ ជាមួយប្រព័ន្ធបើកបរវិលកង់មុខ (ប៉ុងមួយ)។
Citroen My Ami Tonic នឹងមានលក់លើទីផ្សារមួយចំនួននៅអឺរ៉ុប ដោយតម្លៃនៅទីផ្សារបារាំង នឹងមានលក់ក្នុងតម្លៃចាប់ពី ៨ ៩០០ដុល្លារ ឡើងទៅ៕