កូន SUV របស់ Kia ដាក់លក់តម្លៃជាង ២ម៉ឺនដុល្លារស្ដើង នៅវៀតណាម

ក្រុមហ៊ុន Kia ប្រចាំប្រទេសវៀតណាមបានបង្ហាញចេញរថយន្ត Kia ជាច្រើនម៉ូដែលសម្រាប់ទីផ្សារវៀតណាម ដែលក្នុងនោះក៏មានរថយន្ត SUV ខ្នាតតូចម៉ូដែល Kia Sonet ផងដែរ។

រថយន្តនេះមានចែកចេញជាបួនប្រភេទ សម្រាប់ដាក់លក់លើទីផ្សារវៀតណាម ដោយមានតម្លៃចាប់ផ្ដើមពីប្រមាណ ២១ ៩២០ដុល្លារ រហូតដល់ប្រមាណ ២៦ ៧៥០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sonet នេះមានប្រើប្រាស់ម៉ាស៊ីនប្រភេទ Smartstream ដែលមានចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១១៣សេះ ហើយវាមានប្រើប្រាស់ប្រអប់លេខដៃ៦វគ្គ និងជម្រើសប្រអប់លេខ CVT ដែលមានឈ្មោះថា Smartstream IVT។

រចនាបថខាងក្នុងនៃរថយន្តនេះមានលក្ខណៈស្រដៀងនឹងរថយន្ត Sorento ដែរ ដូចជានៅទីតាំងអេក្រង់, ម៉ាស៊ីនត្រជាក់, ប៊ូតុងបញ្ជានៅចំកណ្ដាល ប៉ុន្តែវាមានអេក្រង់ចំនួនពីរ ដោយអេក្រង់មួយទំហំ ៣,៥អ៉ីញ និងអេក្រង់មេទំហំ ១០,២៥អ៉ីញ។

ប្រភេទទំនើបនៃរថយន្តនេះគឺមានបំពាក់នូវមុខងារ Smart Key, មុខងារបញ្ឆេះរថយន្តពីចម្ងាយ, មានដំបូលកញ្ចក់, កញ្ចក់​មើល​ក្រោយ​អាចកាត់ចំណាំងផ្លាតដោយស្វ័យប្រវត្តិ និងមុខងារពិសេសៗដទៃទៀតផងដែរ។ រថយន្តនេះក៏មានបំពាក់ពោងសុវត្ថិភាពចំនួន៦, មានហ្វ្រាំង ABS, មុខងារ EBD, កាមេរ៉ាមើលក្រោយ, មាន Sensor មុខក្រោយ និង Sensor វាស់សម្ពាធកង់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម