នៅពេលដែលរថយន្ត Jesko Absolut បង្ហាញមុខជាផ្លូវការកាលពីដើមសប្ដាហ៍ ក្រុមហ៊ុន Koenigsegg មិនបានបញ្ជាក់អំពីល្បឿនអតិបរមារបស់រថយន្តនេះឡើយ។ ក្រុមហ៊ុនរថយន្តស៊ុយអែតនេះបានត្រឹមនិយាយថារថយន្តនេះ នឹងចូលជាប្រវត្តិសាស្ត្រជារថយន្តល្បឿនលឿនបំផុតរបស់ក្រុមហ៊ុន។
យ៉ាងណាក្ដីក្រុមការងារនៃវិបសាយ Road and Track អាចដឹងអំពីល្បឿនកំពូលរបស់រថយន្តថ្មីនេះបាន ពេលជួបនិយាយជាមួយលោក Christian von Koenigsegg ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន។ ការធ្វើតេស្តតាមកុំព្យូទ័របង្ហាញថារថយន្ត Absolut អាចរត់ដល់ល្បឿន ៥៣២ គ.ម/ម៉ ឯណោះ។
យ៉ាងណាក្ដីដើម្បីរត់ដល់ល្បឿននេះក្នុងស្ថានភាពជាក់ស្ដែងនោះ ក្រុមហ៊ុននឹងត្រូវការផ្លូវធ្វើតេស្តដែលមានរយៈឆ្ងាយបំផុត ដែលបច្ចុប្បន្ននេះនៅមិនទាន់មាននៅឡើយទេ។ សម្រាប់ផ្លូវនៅ Johnny Bohmer Proving Grounds មានប្រវែងវែងគួរសមដែរ ប៉ុន្តែវាអាចឲ្យរថយន្តរត់បានត្រឹម ៤៥១ គ.ម/ម៉ ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់លោក Keonigsegg។
រថយន្ត Jesko Absolut គឺមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ ៥,០ លីត្រ ៨ ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានរហូតដល់ ១៦០០ សេះ៕