
នេះគឺជា Defender Dakar កំពូលរថយន្តប្រណាំងលើវាលខ្សាច់ដែលអាចបើកបរលើផ្លូវសាធារណៈបានដោយស្របច្បាប់ជាលើកដំបូងបង្អស់របស់ក្រុមហ៊ុន Land Rover ។ រថយន្តនេះ គឺត្រូវបានបង្ហាញចេញឡើងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តកម្រិតពិភពលោក Monterey Car Week នៅសហរដ្ឋអាមេរិក ដោយវាគឺត្រូវបានអភិវឌ្ឍឡើងចេញពីរថយន្តប្រណាំង Defender D7X-R ដែលជារថយន្តប្រណាំង Dakar ដែលដណ្តើមបានពានរង្វាន់ជើងឯកលេខ ១ ក្នុងវគ្គ Stock នៃការប្រណាំងរថយន្តវាលខ្សាច់ Dakar Rally ឆ្នាំ ២០២៦ ។

លក្ខណៈពិសេសរបស់រថយន្តនេះ ដោយសារតែវាមិនជាប់គំនាបច្បាប់របស់ FIA ដូចនេះ ក្រុមហ៊ុន Land Rover ផ្ទាល់ ពួកគេគឺបានធ្វើឲម៉ាស៊ីន BMW ជំនាន់ថ្មី ចំណុះ ៤,៤លីត្រ twin-turbo V8 របស់រថយន្តនេះ អាចផលិតកម្លាំងបានរហូតដល់ ៦៣៥ សេះ និងកម្លាំងរមួល ៧៥០ ញូតុនម៉ែត្រឯណ្ណោះ ពោលគឺមានកម្លាំងខ្លាំងជាងរថយន្តប្រណាំងពិតប្រាកដជិត ២៤០ សេះ។
ក្រឡេកមកមើលការរចនាវិញ អ្វីដែលធ្វើឲរថយន្តនេះមើលភ្លាមដឹងភ្លាមខុសពីរថយន្ត Defender ធម្មតានោះ គឺរូបរាងផ្នែកខាងក្រៅរបស់វា ត្រូវបានបំពាក់មកជាមួយសំបកកង់ Off-road យក្សទំហំ ៣៥ អ៊ីញ, មានតួខ្លួនពណ៌ខ្សាច់ (Dakar Sand) លាយជាមួយដំបូលពណ៌បៃតងខ្ចី (Yanbu Turquoise) ដែលជាពណ៌ផ្លូវការរបស់ក្រុមប្រណាំង Defender Rally Team ។

កាន់តែពិសេសជាងនេះទៅទៀត សម្រាប់រថយន្តនេះផ្ទាល់ ក៏ត្រូវបានដោះបូមធម្មតាចេញ ហើយជំនួសមកវិញនូវបូមប្រណាំងម៉ាក Bilstein Advanced Dampers កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Bilstein របស់ប្រទេសអាល្លឺម៉ង់ និងមានបំពាក់នូវមុខងារពិសេសហៅថា Flight Mode ដែលជួយគ្រប់គ្រងលំនឹងឡាន ពេលបើកលើទួលខ្ពស់មិនឱ្យខូចខាតគ្រឿងក្រោមផងដែរ។
ចំពោះផ្នែកខាងក្នុងវិញ គឺត្រូវបានរៀបចំឡើងជាលក្ខណៈឡានប្រណាំងពិតៗ មានកៅអីប្រណាំង Bucket Seats ចំនួន ៤, មានកន្លែងទុកមួកសុវត្ថិភាព, មានកង់សាគួរនៅផ្នែកខាងក្រោយ រួមទាំងបំពាក់ម៉ាស៊ីនបូមខ្យល់កង់ជាប់ឡានស្រាប់តែម្តង។

សរុបមក រថយន្តមួយនេះ នឹងត្រូវផលិតឡើងក្នុងចំនួនកំណត់តិចជាង ៥០០ គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយក្រុមហ៊ុន Land Rover ផ្ទាល់ ពួកគេនឹងបើកទទួលការកក់ជាផ្លូវការនៅដើមឆ្នាំ ២០២៧ ខាងមុខនេះ។ ចំណែកតម្លៃវិញ បើតាមការប៉ាន់ស្មាន រថយន្តនេះ គឺអាចនឹងមានតម្លៃមិនក្រោម ២០មុឺនដុល្លារនោះឡើយ៕





















