
ដោយសារតម្រូវការប្រេងសកលចាប់ផ្តើមថយចុះ ក្រុមហ៊ុន Exxon កំពុងបង្កើនការវិនិយោគលើការផលិតអាគុយឡានអគ្គិសនីឡើងវិញម្តងទៀត។ កាលពីថ្ងៃសុក្រ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ខ្លួនបានបង្កើតក្រាហ្វិចសំយោគប្រភេទថ្មី ដែលអាចកែលម្អអាយុកាល និងដំណើរការរបស់អាគុយរថយន្តអគ្គិសនី នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg។
ក្រុមហ៊ុន Exxon អះអាងថា សមាសធាតុថ្មីនេះ ដែលត្រូវបានប្រើប្រាស់នៅក្នុងអេណូតរបស់ថ្មរថយន្តអគ្គិសនី អាចពន្យារអាយុកាលថ្មបាន ៣០%។ ជាក់ពេលនេះវាកំពុងត្រូវបានសាកល្បងដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាច្រើន ដែលមិនបញ្ចេញឈ្មោះ។ សមាសធាតុេនះក៏មានឥទ្ធិពលផ្ទាល់ទៅលើដំណើរការ និងប្រសិទ្ធភាពរបស់ថ្មផងដែរ ដូច្នេះគុណភាពកាន់តែប្រសើរ ក៏មានន័យថា រយៈចម្ងាយធ្វើដំណើរការកាន់តែឆ្ងាយ និងល្បឿនសាកកាន់តែលឿន។ ការសិក្សាបានបង្ហាញថា រថយន្តអគ្គិសនីកំពុងកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ យ៉ាងច្រើនមួយថ្ងៃ។ ឥឡូវនេះក្រុមហ៊ុនប្រេងរបស់អាមេរិកមួយនេះ កំពុងព្យាយាមស្វែងរកប្រភពចំណូលជំនួសនិងត្រៀមខ្លួនសម្រាប់អនាគត។
កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Exxon បានប្រកាសថា ខ្លួនបានទិញយកក្រុមហ៊ុនមានឈ្មោះថា Superior Graphite ដើម្បី កសាងខ្សែសង្វាក់ផ្គត់ផ្គង់សមាសធាតុសំយោគដ៏រឹងមាំមួយនៅក្នុងសហរដ្ឋអាមេរិក។ សមាសធាតុនេះវាគឺជាវត្ថុធាតុដើមដែលត្រូវបានប្រើប្រាស់នៅក្នុងអេណូតរបស់ថ្មលីចូម-អ៊ីយ៉ុង ដែលជាផ្នែកមួយនៃការរក្សាទុកអេឡិចត្រុងក្នុងអំឡុងពេលសាកថ្ម។ ចំណែកឯកាតូតរបស់ថ្ម ដែលជាផ្នែកកំណត់ដង់ស៊ីតេថាមពលរបស់វា ត្រូវបានផលិតពីវត្ថុធាតុផ្សេងទៀតដែលអ្នកប្រហែលជាធ្លាប់បានឮ ដូចជាលីចូម-ដែក-ផូស្វាត (LFP) ឬនីកែល-ម៉ង់ហ្គាណែស-កូបាល់ (NMC)។
ក្រុមហ៊ុន Exxon បាននិយាយថា សមាសធាតុសំយោគមិនសូវត្រូវការកម្លាំងពលកម្មច្រើន ហើយមានគុណភាពល្អជាប់លាប់ជាង។ សមាសធាតុរបស់វាអាចត្រូវបានផលិតដោយប្រើប្រាស់ “វត្ថុធាតុដើមដែលសម្បូរដោយជាតិកាបូនពីខ្សែចម្រាញ់ដែលមានស្រាប់ នោះមានន័យថា មិនសូវមានការជីកយករ៉ែច្រើន ហើយអាចទាញយកប្រយោជន៍ជ័រធ្យូងថ្ម ដែលជាផលិតផលបន្ទាប់បន្សំនៃការផលិតប្រេង នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុង Science Direct។
ខណៈពេលដែលរដ្ឋបាលរបស់លោក Trump បានផ្តល់ផលចំណេញដល់ក្រុមហ៊ុនប្រេងតាមរយៈច្បាប់ “One Big Beautiful Act” ដែលកាត់បន្ថយការឧបត្ថម្ភធនសម្រាប់កម្មវិធីថាមពលថ្មី។ បច្ចុប្បន្នក្រុមហ៊ុន Exxon ក៏កំពុងវិនិយោគយ៉ាងខ្លាំងទៅលើការផលិតលីចូមក្នុងស្រុកផងដែរ។ គម្រោងដំបូងរបស់ខ្លួននៅរដ្ឋ Arkansas នឹងផ្គត់ផ្គង់លីចូមដល់ក្រុមហ៊ុនផលិតថ្មរបស់កូរ៉េគឺ SK On និង LG Energy Solution។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនប្រេងយក្សដូចជា Shell និង BP កំពុងអភិវឌ្ឍស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី៕