ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់តៃវ៉ាន់ Foxconn ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅក្នុងការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុន Nissan ដើម្បីចូលរួមក្នុងផែនការឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដោយផ្តោតសំខាន់លើការផលិត និងការរចនានេះបើយោងតាមកាសែត The Wall Street Journal ។
ប្រសិនបើកិច្ចព្រមព្រៀងនេះក្លាយជាការពិត នេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ Foxconn នៅពេលដែលក្រុមហ៊ុនមួយនេះបង្កើនការជំរុញរបស់ពួកគេទៅក្នុងឧស្សាហកម្មរថយន្ត។
គួរឲដឹងថា Foxconn ត្រូវបានគេស្គាល់ថាជាកងកម្លាំងដ៏សំខាន់មួយរបស់ Apple ហើយបើយោងតាមកាសែត Wall Street Journal បានរាយការណ៍ថា Foxconn គ្រោងនឹងផលិតរថយន្តតាមរបៀបស្រដៀងគ្នាទៅនឹងរបៀបដែលពួកគេបង្កើតទូរស័ព្ទ iPhone សម្រាប់ក្រុមហ៊ុន Apple ដោយតម្រូវឲមានក្រុមហ៊ុននានាចេញការរចនា និងផលិតរថយន្តឱ្យពួកគេ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Honda និង Nissan ក៏ត្រូវបានរាយការណ៍ផងដែរថា កំពុងត្រៀមចុះកិច្ចព្រមព្រៀងមួយ ដោយពួកគេអាចនឹងបង្កើតក្រុមហ៊ុនកាន់កាប់ថ្មីមួយដើម្បីផលិតរថយន្តចំហេះក្នុង អគ្គិសនី សម្រាប់ប្រកួតប្រជែងទីផ្សារជាមួយក្រុមហ៊ុនដទៃ ជាពិសេសក្រុមហ៊ុនរបស់ប្រទេសចិន៕