[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន Xpeng បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងពង្រីកបន្ថែមទៀតទៅកាន់អឺរ៉ុប ដោយផ្តោតលើទីផ្សារស៊ុយអែត និងហូឡង់។
រហូតមកដល់ពេលនេះ ទីផ្សារគោលដៅរបស់ក្រុមហ៊ុន Xpeng ដែលមានផលិតរថយន្តអគ្គិសនី P7 និង P5 ក៏ដូចជារថយន្តស្ព័រ G3 និង G9 គឺប្រទេសន័រវេស។ វាបានចាប់ផ្តើមលក់រថយន្តរបស់ខ្លួនទៅទីនោះ កាលពីចុងឆ្នាំ ២០២០ មក។
ក្រុមហ៊ុន Xpeng បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបើកហាងមួយនៅទីក្រុង Stockholm ប្រទេសស៊ុយអែត ក្នុងសប្តាហ៍នេះ ហើយនឹងចាប់ដៃគូជាមួយក្រុមហ៊ុនចែកចាយរថយន្តក្នុងស្រុក Bilia ផងដែរ។
ជាមួយគ្នានេះដែរ វាក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយអង្គភាពហូឡង់ នៃក្រុមហ៊ុនចែកចាយរថយន្តស្វីស Emil Frey ដែលនឹងអភិវឌ្ឍបណ្តាញលក់ និងសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសហូឡង់ និងគ្រប់គ្រងហាងរបស់ខ្លួននៅទីនោះទៀតផង។ ក្រុមហ៊ុន Xpeng ក៏មានបំណងបើកហាងមួយទៀត នៅក្នុងប្រទេសហូឡង់ នៅខែក្រោយផងដែរ៕
ប្រភព ៖ CNA