ក្រុមហ៊ុនផលិតអាគុយ CATL ចាប់ដៃសហការគ្នាជាមួយក្រុមហ៊ុន Voyah ដើម្បីអភិវឌ្ឍរថយន្ដអគ្គិសនីកាន់តែទំនើបនិងមានសុវត្ថិភាពខ្ពស់

ក្រុមហ៊ុនផលិតអាគុយរថយន្ដអគ្គិសនី CATL ធំបំផុតលើពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរយៈពេល ១០ ឆ្នាំជាមួយក្រុមហ៊ុន Voyah ដែលជាម៉ាករថយន្តលំដាប់ខ្ពស់របស់ក្រុមហ៊ុន Dongfeng។ ភាគីទាំងពីរនឹងសហការគ្នាលើការកសាងម៉ាកយីហោ ការបង្កើនសក្តានុពលទីផ្សារសកលរួមគ្នា និងការផ្គត់ផ្គង់ផលិតផល។

កាលពីថ្ងៃទី១៧ ខែធ្នូ លោក Feng Changjun អគ្គនាយកក្រុមហ៊ុន Dongfeng Motor លោក Lu Fang ប្រធានក្រុមហ៊ុន Voyah និងលោក Robin Zeng ជាប្រធាននិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CATL បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ។ កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយលោក Jiang Tao អគ្គនាយកក្រុមហ៊ុន Voyah និងលោក Luo Huiping អនុប្រធានផ្នែកខ្សែសង្វាក់ផលិតផលយានយន្តនៃក្រុមហ៊ុន CATL។

CATL signed 10-year cooperation agreement with Dongfeng’s Voyahយោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន CATL នឹងសហការគ្នាយ៉ាងសកម្មជាមួយ Voyah ក្នុងការអភិវឌ្ឍផលិតផលអាគុយសម្រាប់រថយន្តម៉ូឌែលថ្មីៗ។ ក្រុមហ៊ុនផលិតអាគុយធំបំផុតលើពិភពលោកមួយនេះ នឹងផ្តល់អាទិភាពក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាចុងក្រោយបំផុតរបស់ខ្លួនជូនដល់ Voyah។ ភាគីទាំងពីរនឹងរួមគ្នាជំរុញការប្រើប្រាស់អាគុយចំនួន ៣ ស៊េរី រួមមាន៖ Qilin, Shenxing និង Freevoy។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រុមហ៊ុន CATL និង Voyah នឹងអនុវត្តកិច្ចសហប្រតិបត្តិការលើប្រព័ន្ធអេកូឡូស៊ីក្នុងវិស័យផ្លាស់ប្តូរអាគុយ (Battery Swapping)។ កាលពីថ្ងៃទី២១ ខែតុលា ក្រុមហ៊ុន CATL បានរាយការណ៍ថា ខ្លួនបានដំឡើងស្ថានីយផ្លាស់ប្តូរអាគុយជាង ៧០០ កន្លែង នៅក្នុងទីក្រុងចំនួន ៣៩ ទូទាំងប្រទេសចិន។ ស្ថានីយទាំងនោះអាចផ្ទុកអាគុយបានរហូតដល់ ៣០ គ្រាប់ ដែលអាចធ្វើការផ្លាស់ប្តូរបានក្នុងរយៈពេលត្រឹមតែ ១០០ វិនាទីប៉ុណ្ណោះ។ សមត្ថភាពអតិបរមាប្រចាំថ្ងៃនៃស្ថានីយនីមួយៗ គឺអាចផ្លាស់ប្តូរអាគុយបានចំនួន ៨២២ ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Voyah នឹងអភិវឌ្ឍយានយន្តដោយផ្អែកលើគ្រោងឆ្អឹង Bedrock Chassis របស់ក្រុមហ៊ុន CATL ។ គ្រោងឆ្អឹងនេះត្រូវបានដាក់បង្ហាញកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ គ្រោងឆ្អឹងប្រភេទស្កេតបត (Skateboard platform) នេះត្រូវបានអះអាងថាអាចឲ្យរថយន្តបើកបរបានចម្ងាយរហូតដល់ ១ ០០០ គីឡូម៉ែត្រ។ វាមានការរចនាបែបបញ្ចូលគ្នាដោយប្រើប្រាស់ដែកថែបប្រភេទ Hot-stamping កម្រិត ២ ០០០ MPa ព្រមទាំងគាំទ្រប្រព័ន្ធបញ្ជាតាមរយៈខ្សែអេឡិចត្រូនិច (Drive-by-wire)។ លើសពីនេះ វាក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាជំនួយការបើកបរកម្រិត L3 និង L4 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម