ក្រុមហ៊ុនឡានអគ្គិសនីចិន លក់បានច្រើនមែន ប៉ុន្តែមានតែ BYD មួយគត់ លក់ចំណេញលុយ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនី​ចិន បាន​រាយការណ៍​ពី​កំណើននៃការលក់ឥតឈប់ឈរ ប៉ុន្តែបើក្រឡេកមើល​ផ្នែក​ហិរញ្ញ​វត្ថុគេឃើញថាមានតែក្រុមហ៊ុន BYD មួយគត់ដែលទទួលបានប្រាក់ចំណេញពីការអាជីវកម្មខ្លួន។

គួរកត់សម្គាល់ថាម៉ាករថយន្ត Xpeng បានកើនឡើងចំនួនលក់ ៩៨% នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ខណៈដែល​ម៉ាក Li Auto កើនឡើង ៦៣% និងម៉ាក Nio កើនឡើង ១៤%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី បើផ្អែកតាមតួលេខហិរញ្ញវត្ថុចេញផ្សាយដោយក្រុមហ៊ុនទាំងបី បានបង្ហាញថា Xpeng បានខាតបង់ទឹកប្រាក់ ៣៧៦​លាន​ដុល្លារ នៅត្រីមាសទីពីរ ដែលកើនឡើងការខាតបង់រហូតដល់ ១២៦%។ ចំណែកក្រុមហ៊ុន Nio កើនឡើងការខាតបង់ ៣៧០% ឡើងមកដល់ ៣៩៣លានដុល្លារ ខណៈដែល Li Auto ខាតបង់ទឹកប្រាក់ ៩០លានដុល្លារ កើនឡើង ១៧២%។

រឿងរ៉ាវនេះក៏បានកើតឡើងផងដែរសម្រាប់ម៉ាក Avatr EV របស់ក្រុមហ៊ុន Changan Automobile ដែលខាតបង់ទឹកប្រាក់ ៣៥លានដុល្លារ ឯម៉ាក Aion EV របស់ក្រុមហ៊ុន GAC ខាតបង់ទឹកប្រាក់ ១៩៦លានដុល្លារ ត្បិតថាការលក់មានកំណើនក៏ដោយ​ក្ដី។

ទៅមើល BYD ឯណោះ គឺផ្ទុយស្រឡះពីក្រុមហ៊ុនរថយន្តអគ្គិសនីដទៃទៀត ដោយ​ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ ក្រុមហ៊ុន​ទទួលបានប្រាក់ចំណេញ ៥០៥លានដុល្លារ កើនឡើង ២០៦% ជាមួយការលក់​សរុប ៦៤១ ៣៥០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម