
[បរទេស] និយាយអំពីឥណ្ឌា ត្រូវបានគេដឹងថាបានកាន់កាប់នូវចំណែកទីផ្សាររថយន្តធំជាងគេលំដាប់ទី៣ របស់ពិភពលោកបន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិច បើទោះបីជាទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសនេះនៅតិចជាងឆ្ងាយបើធៀបទៅនឹងទីផ្សារប្រទេសចិនក៏ដោយ។ ប៉ុន្តែពេលនេះប្រទេសមួយនេះកំពុងបង្កើននូវចំណែកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមតាមរយ:ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់ខ្លួន ដូចជាក្រុមហ៊ុន Mahindra ដែលជាក្រុមហ៊ុនផលិតរថយន្តយក្សរបស់ឥណ្ឌាបានធ្វើការប្រកាសចេញនូវគម្រូរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន ៤ម៉ូឌែលគឺគម្រូ Vision S, Vision X, Vision T និង Vision SXT។
គម្រូរថយន្តទាំង ៤ម៉ូឌែលនេះនឹងត្រូវបានផលិតឡើងដោយប្រើប្រាស់នូវតួរគ្រោង Multi-Engery Platform ហៅថា “ NU IQ ” ដែលគាំទ្រ សម្រាប់ទាំងម៉ាស៊ីនចំហេះ និងអគ្គិសនី។ នៅខណ:ពេលនេះ Mahindra ពុំទាន់បញ្ចេញនូវព៌ត៌មានអំពីទំហំម៉ូទ័រអគ្គិសនី និងថាមពលដែលរថយន្តនេះផលិតបាននៅឡើយនេះទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ថារថយន្តទាំងនេះនឹងប្រើប្រាស់នូវអាគុយលីដ្យូមផូស្វាត (LFP) ដែលមានប្រភពមកពីប្រទេសចិន។
ចំពោះការរចនាគឺមួយបែបម្នាក់ ដូចជា Vision S និង T គឺមើលមកស្រដៀងកូនរបស់ Land Rover និង Ford Bronco ដោយមានរូបរាងបែប Boxy ប្រអប់ជ្រុង។ ចំណែក Vision X គឺរចនាបែប Family Crossover និង Vision SXT វិញគឺផ្តោតសំខាន់ទៅលើការបើកបរផ្លូវលំបាក Off-Road។
សម្រាប់ផលិតកម្មសម្រេចនៃរថយន្តទាំង ៤ម៉ូឌែលនេះ នឹងគ្រោងចេញលក់ផ្លូវការនៅឆ្នាំ២០២៧ ជាមួយតម្លៃរំពឹងចាប់ពី ២៥ ០០០ដុល្លារ ដល់ ៣០ ០០០ដុល្លារសម្រាប់ទីផ្សារប្រទេសឥណ្ឌា៕