ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយកប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរដែលនឹងចាប់ផ្តើមនៅឆ្នាំ ២០២៣ ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ​ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀតដែលមានដូចជា​៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ។

ចាប់ពីឆ្នាំ ២០២៣ អតិថិជន​រថយន្ត Ford និង Lincoln នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរទាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ការបើកបរ ហើយជាពិសេសនោះគឺប្រព័ន្ធកំសាន្តបែបថ្មី​ដែលអាចប្រើប្រាស់ផ្ទាល់នៅលើអេក្រង់ Touch Screen របស់រថយន្តដោយពុំចាំបាច់ភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford

លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford បានបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ និងនាពេលអនាគតតួយ៉ាងដូចជារថយន្តអគ្គិសនី និងរថយន្តដែលអាចបើកបរបានដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បានរួមគ្នាដើម្បីបង្កើតនូវការច្នៃប្រឌិតថ្មីដែលអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ។”

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet

លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន​ Ford បានឈរជើងនៅលើវិស័យយានយន្តអស់រយៈពេលជិត ១២០ឆ្នាំមកហើយ ថ្ងៃនេះដែរយើងពិតជាមានមោទនៈភាពដែលអាចសហការគ្នាជាមួយក្រុមហ៊ុន Ford ដែលអាចប្រើប្រាស់បច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតក្នុងការគណនា វិភាគទិន្នន័យក្នុង Cloud ដើម្បីជួយផ្លាស់ប្តូរ និងបង្កើនល្បឿនអាជីវកម្មតរបស់ Ford ឲ្យកាន់តែប្រសើរ និងកាន់តែផ្តល់សុវត្ថិភាពជូនអ្នកបើកបររថយន្ត Ford ទាំងអស់ថែមទៀតផង។”

តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្ត ទៅធ្វើការថែទាំ ឬត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ ២០២៣ ខាងមុខនោះវាមិនដូចគ្នាទៅនឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងាររបស់វាមានដែនកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទើបបាន។ តែសម្រាប់រថយន្ត Ford នាពេលអនាគតដែលបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android អញ្ចឹង ដែលអ្នកប្រើប្រាស់អាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដងដែលមានដូចជា៖

  • មុខងារ​ Google Assistant ជួយឲ្យអ្នកបើកបរអាចផ្តោតអារម្មណ៍ក្នុងការបើកបរទៅមុខ និងបញ្ជាមុខងារផ្សេងៗរបស់រថយន្តតាមរយៈការប្រើសម្លេងតែប៉ុណ្ណោះ
  • មុខងារ Google Map បង្ហាញផែនទី និងទីតាំងបានច្បាស់លាស់ដែលអាចជួយឲ្យអ្នកបើកបរទៅដល់គោលដៅបានឆាប់រហ័សជាងមុនជាមួយនឹងការបង្ហាញស្ថានភាពចរាចរណ៍ជាក់ស្តែង និងធ្វើការណែនាំពីគន្លងផ្លូវដែលយើងត្រូវបើកបរ
  • មុខងារ Google Play ផ្តល់នូវការកំសាន្តដល់អ្នកបើកបរតាមរយៈមុខងារ Apps ជាច្រើនដូចជាការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារទាំងអស់នេះមាននៅលើរថយន្តស្រាប់តែម្តង។

តាមរយៈការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាចធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍កម្មវិធី Mobile Apps អាចបង្កើតកម្មវិធីកំសាន្ត និងកម្មវិធីផ្សេងៗទៀតបានដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការបើកបរសម្រាប់អតិថិជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម