រថយន្តម៉ូឌែលថ្មីប្រភេទ Crossover របស់ Mitsubishi បានមកដល់ទីផ្សារប្រទេសកម្ពុជាជាផ្លូវការហើយ

នៅទីបំផុត អ្វីដែលលោកអ្នកទន្ទឹងរង់ចាំអស់រយៈពេលជាយូរ បានមកដល់ហើយ ជាមួយនឹងវត្តមាន រថយន្ត Crossover The All-New Mitsubishi XForce ស៊េរីឆ្នាំ ២០២៥ មកកាន់ទីផ្សារប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Mitsu​ (Cambodia) បានដាក់សម្ពោធរថយន្តនេះជាផ្លូវការ កាលពីថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០២៤ ដែលបានធ្វើឡើងនៅឯ ដឹ ព្រេមៀ សេនធ័រ​ សែនសុខ ក្រោមអធិបតីភាពវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Sombat Somboon Terdtana នាយកគ្របគ្រងនៃក្រុមហ៊ុន Mitsu​ (Cambodia) និងឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសកលវិទ្យាល័យប៊ែលធី និងជាអគ្គនាយករងនៃក្រុមហ៊ុន ប៊ែលធីគ្រុប រួមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ពីបុគ្គលិកនៃក្រុមហ៊ុន Mitsu (Cambodia) ភ្ញៀវកិត្តិយស ដៃគូសហការណ៍ អ្នកបង្កើតមាតិកា​ និងមិត្តអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ដោយកម្មវិធីនេះត្រូវបានបែងចែកជា ២ផ្នែក ពេលព្រឹកជាកម្មវិធីបើកបរសាកល្បង ខណៈកម្មវិធីពេលល្ងាចគឺជាពិធីសម្ពោធជាផ្លូវការនៃរថយន្តនេះ ។

រថយន្តដែលបាននាំចូលមកក្នុងទីផ្សារបស់កម្ពុជានេះ គឺ The All-New Mitsubishi XForce ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ត្រឹមតែ ៣៩ ៩០០ ដុល្លារ ($39,900) តែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The All-New Mitsubishi XForce គឺជារថយន្តម៉ូដែលថ្មីដែលបានពាំនាំមកជាមួយរចនាបថថ្មីរបស់ Mitsubishi ជាមួយការរចនាចង្កៀងមុខដ៏ស្រស់ស្អាត និងបានឌីហ្សាញស្ថាបត្យកម្មគ្រោងឆ្អឹងក្បាលឡានបែប Dynamic Shield Design ដែលមានភាពស្រស់ស្អាតទាក់ទាញ ជាពិសេសសមត្ថភាពកាត់បន្ថយគ្រោះថ្នាក់បានច្រើនបំផុតពីការបុកប៉ះ ដែលធ្វើឱ្យរថយន្តប្រភេទនេះ កាន់តែរឹងមាំ និងមានភាពអំណាចថែមទៀត។

ជាពិសេសទៅទៀត​ The All-New Mitsubishi XForce  បានធ្វើការឌីហ្សាញខាងក្នុងថ្មីស្រឡាង បែបទំនើប ស្រឡះភ្នែក ធ្វើឲ្យការបើកបរកាន់តែងាយស្រួលមើលឃើញទិដ្ឋភាពជុំវិញរថយន្ត ជំនួយដោយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និង អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ, ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ,​ ទ្វារឃ្លុបក្រោយបើក-បិទដោយការគ្រវាសជើង, ប្រព័ន្ធ Smart Key, ហ្រ្វាំងដៃអេឡិចត្រូនិក មុខងារ Auto Hold ដែលជួយជាន់ហ្រ្វាំងឡានដោយស្វ័យប្រវត្តិនៅពេលបើកបរលើផ្លូវស្ទះ និងមុខងារសុវត្ថិភាពជាច្រើនទៀត។​

Mitsubishi XFORCE ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង១។ បើទោះបីជារថយន្តប៉ុង ១ក៏ពិតមែន ប៉ុន្តែរថយន្តនេះបានផ្តល់នូវជម្រើសបើកបរឆ្លាតវៃ និងជំនួយដល់ការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវដែលមាន Drive Mode ៤ជម្រើសដូចជា៖ ផ្លូវធម្មតា ផ្លូវសើមឬរអិល ផ្លូវក្រួស និងផ្លូវភក់។

គួររំលឹកផងដែរថាក្រុមហ៊ុន Mitsu (Cambodia) ជាក្រុមហ៊ុនចែកចាយផ្លូវការរថយន្ត Mitsubishi ដែលជារថយន្តម៉ាកជប៉ុនដែលអតិថិជនតែងតែទទួលស្គាល់ថាធន់ រឹងមាំ មិនងាយខូច ជាពិសេសចំពោះម៉ាស៊ីន និងប្រព័ន្ធគ្រឿងក្រោម។ ក្រៅពីរថយន្ត Xforce ក្រុមហ៊ុន Mitsu Cambodia ក៏កំពុងចែកចាយរថយន្តម៉ូដែលផ្សេងទៀតដូចជា Xpander, Xpander Cross, Triton និង Pajero Sportផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម