លក្ខណៈពិសេសៗទាំង៥ ដែលមាននៅលើរថយន្ត Jeep Wrangler ឆ្នាំ២០២៣

ឲ្យតែឮឈ្មោះ Jeep នរណាៗក៏ស្គាល់ដែរ ដោយសារតែភាពរឹងមាំ និងសមត្ថភាព Off-road របស់វា។ ថ្មីៗនេះ រថយន្ត Jeep Wrangler ឆ្នាំ២០២៣ ក៏បានបង្ហាញខ្លួនជាផ្លូវការ។ ថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកដឹងពីលក្ខណៈពិសេសៗទាំង ៥ចំណុចដែលមានភ្ជាប់នៅលើរថយន្ត Jeep Wrangler ឆ្នាំ២០២៣។

១) ការរចនាផ្នែកខាងក្រៅ

Jeep Wrangler ២០២៣ នៅតែប្រើការឌីហ្សាញបែបជ្រុងៗ ស្រដៀងនឹងឆ្នាំ២០២២ ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលជាការផ្លាស់ប្តូរធំបំផុតមួយសម្រាប់ Jeep Wrangler ២០២៣ គឺការបន្ថែមម៉ូដែលពិសេសថ្មី ហៅថា Freedom Edition ដែលពាំនាំ Option ថ្មីមួយចំនួន ដូចជា កាងមុខដែក និងទំពក់អូសសណ្តោង, ជើងទ្រលើដំបូល, យ៉ាន់កង់ពណ៌ខ្មៅ, របាំងភក់កង់ពណ៌ដូចតួខ្លួន, ចង្កៀងមុខ LED និងអំពូលកាត់អ័ព្ទ LED ជាដើម។

២) ការរចនាផ្នែកខាងក្នុង

ចូលទៅមើលកាប៊ីនខាងក្នុងវិញ វានៅតែមានទំហំធំល្មម សម្រាប់មនុស្ស ៥នាក់ ហើយមានកន្លែងដាក់ឥវ៉ាន់ច្រើន។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់កុងទ័រទំហំ ៧អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨,៤អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាមុខងារផែនទី និងមានប្រព័ន្ធសំឡេង Alpine ដែលប្រើ Speaker ចំនួន ៩គ្រាប់ ផងដែរ។ ក្រៅពីនោះ វាមានសភាពដូចគ្នាទៅនឹងម៉ូដែលឆ្នាំ២០២២ ទាំងអស់តែម្តង។

៣) ប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរ

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Jeep Wrangler ២០២៣ បានបំពាក់មកជាមួយ

  • ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
  • ប្រព័ន្ធទប់លំនឹងរថយន្ត 
  • ប្រព័ន្ធផ្តល់សញ្ញាដាស់តឿន និងប្រុងប្រយ័ត្ននៅផ្នែកកញ្ចក់ចំហៀងសងខាង Blind-spot monitoring
  • ប្រព័ន្ធជំនួយពេលចេញពីចំណត Rear cross-traffic alerts ជួយផ្តល់សញ្ញាអោយយើងបានដឹង ប្រសិនបើមានរថយន្ត ម៉ូតូ ឬកង់បើកកាត់ ឬជិតមកដល់ និងផ្តល់សញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
  • ប្រព័ន្ធផ្តល់ពត៌មានពីឧបសគ្គដល់អ្នកបើកបរ Forward collision warning
  • ប្រព័ន្ធជាន់ហ្វ្រាំងបញ្ឈប់បន្ទាន់ Automatic emergency braking 
  • ប្រពន្ធ័កំណត់ល្បឿនបើកបរ​ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិរថយន្តខាងមុខ Adaptive cruise control 
  • ប្រព័ន្ធទម្លាក់ ឬតម្លើងភ្លើងហ្វាដោយស្វ័យប្រវត្តិ Automatic high beams 
  • ប្រព័ន្ធជំនួយចូលចតរថយន្តនៅផ្នែកខាងក្រោយ Rear parking assist

៤) ថាមពលម៉ាស៊ីន

Jeep Wrangler ២០២៣ មានជម្រើសម៉ាស៊ីនច្រើនមែនទែន រហូតដល់ទៅ ៦ ណោះ ដោយមាន៖

  • ម៉ាស៊ីនសាំងចំណុះ ៦,៤លីត្រ Hemi ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧០សេះ និងកម្លាំងរមួល ៦៣៧ញ៉តុនម៉ែត្រ
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ EcoDiesel ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការដោយម៉ូទ័រអគ្គិសនី២
  • ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាង មានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Mild-hybrid
  • ម៉ាស៊ីនសាំងចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៥សេះ និងកម្លាំងរមួល ៣៥៣ញ៉ូតុនម៉ែត្រ

៥) តម្លៃ

Jeep Wrangler ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៣០០០០ដុល្លារឡើងទៅ នៅទីផ្សារសហរដ្ឋអាមេរិក ខណៈវានឹងចេញលក់ជាផ្លូវការ នៅចុងឆ្នាំ២០២២ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម