ក្រុមហ៊ុន Renault បានចាប់ផ្តើមបើកដំណើរការរោងចក្ររបស់ខ្លួននៅរុស្ស៊ីឡើងវិញ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានចាប់ផ្តើមបើកដំណើរការឡើងវិញនៅរោងចក្ររុស្ស៊ីរបស់ខ្លួននៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនដែលបាននិយាយទៅកាន់គេហទំព័រ Reuters ។

ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលបានផ្អាកការផលិតបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈពេលដែលក្រុមហ៊ុនជាច្រើនទៀតបានដកខ្លួនចេញពីទីផ្សារក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងនោះ ក្រុមហ៊ុន Renault បាននិយាយកាលពីចុងខែកុម្ភៈថា ខ្លួនកំពុងផ្អាកការផលិតដោយសារតែ “ការផ្លាស់ប្តូរដោយបង្ខំនៅក្នុងផ្លូវដឹកជញ្ជូនដែលមានស្រាប់” ហើយមិនបានដកខ្លួនចេញពីទីផ្សារនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនផលិតរថយន្តបរទេសដ៏ធំបំផុតរបស់រុស្ស៊ី ហើយនៅពាក់កណ្តាលខែមីនា ប្រភពមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនមិនចង់ចាកចេញពីទីផ្សារទេដោយសាររដ្ឋាភិបាលរុស្ស៊ី នឹងធ្វើជាតូបនីយកម្មរោងចក្រផលិតរបស់ក្រុមហ៊ុនបរទេសដែលបានដកខ្លួនចេញពីទីផ្សារក្នុងអំឡុងពេលការឈ្លានពានអ៊ុយក្រែន។

សូមបញ្ជាក់ផងដែរថា បើយោងតាម ​​Citibank បានឲ្យដឹងថា សរុបមក ក្រុមហ៊ុន Renault គ្រប់គ្រងប្រហែល ៣០% នៃទីផ្សាររថយន្តរបស់រុស្ស៊ី មានបុគ្គលិកប្រហែល ៤០,០០០ នាក់ និងរកបាន ៨% នៃប្រាក់ចំណូលស្នូលនៅទីនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បង្ហាញថា ទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់ប្រឆាំងនឹងរុស្ស៊ីអាចបណ្តាលឲ្យទីផ្សាររថយន្តរបស់ខ្លួនធ្លាក់ចុះ ៥០%នៅឆ្នាំនេះ។ ទន្ទឹមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ខ្សែផ្គត់ផ្គង់ និងការផ្អាកផលិតកម្មបានប៉ះពាល់ដល់ទីផ្សារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម