
ក្រុមហ៊ុន Xpeng កំពុងដាក់បង្ហាញរថយន្ដប្រភេទ EREV លើម៉ូឌែល P7+ របស់ខ្លួន។ រថយន្តថ្មីនេះបន្តរក្សាការរចនារួមនៃម៉ូឌែល BEV បច្ចុប្បន្ន ប៉ុន្ដែត្រូវបានបន្ថែមប្រវែងតួខ្លួន ១៥ម.ម លើពីប្រវែងម៉ូឌែល BEV។
គិតត្រឹមដំណាច់ខែកញ្ញា ការចែកចាយសរុបនៃរថយន្ត Xpeng P7+ មានចំនួនលើសពី ៧៧ ០០០ គ្រឿង។ យោងតាមទិន្នន័យផ្លូវការ រថយន្តម៉ូឌែលនេះក៏បានជាប់ចំណាត់ថ្នាក់កំពូលក្នុងការលក់នៅក្នុងផ្នែករថយន្តប្រភេទ Mid-to-large Electric Sedan ដែលមានតម្លៃចន្លោះពី ១៥០ ០០០ ទៅ ២០០ ០០០ យន់ ឬស្មើនិង ២១ ០០០ ទៅ ២៨ ១០០ ដុល្លារ នៅក្នងទីផ្សារប្រទេសចិន អស់រយៈពេល ១០ ខែជាប់ៗគ្នា។
រូបរាងរបស់រថយន្ត EREV មិនមានការផ្លាស់ប្តូរច្រើនពីម៉ូឌែល BEV នោះទេ។ សម្រាប់ប្រព័ន្ធថាមពល (powertrain) រថយន្ដនេះដំណើរការដោយម៉ាស៊ីនចំណុះ ១.៥ ប្រើជាម៉ាសុីនដើម្បីសាកអាគុយក្នុងពង្រីកចម្ងាយបើកបរ (range extender) អាចផលិតកម្លាំងអតិបរមាបាន ១១០ គីឡូវ៉ាត់ឬ ១៤៨សេះ ខណៈម៉ូទ័រអគ្គិសនី អាចផលិតផ្តល់កម្លាំងបាន ១៨០ គីឡូវ៉ាត់ ឬ ២៤១សេះ ដោយភ្ជាប់មកជាមួយ អាគុយលីចូមដែកផូស្វាត (lithium iron phosphate battery)។ រថយន្តនេះមានល្បឿនអតិបរមា ២០០ គីឡូម៉ែត្រ/ម៉ោង។ ចំពោះលក្ខណៈបច្ចេកទេសលម្អិតនៃសមត្ថភាពអាគុយ និងចម្ងាយបើកបរនៅតែរង់ចាំការប្រកាសជាផ្លូវការនៅឡើយ៕