
យោងតាមការចុះផ្សាយពីគេហទំព័រ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក រួមជាមួយសហការី បានចូលសម្តែងការគួរសមចំពោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាអំពីគម្រោងពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិយោគរយៈពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ ឯកឧត្តមបានលើកឡើងថា៖«យើងត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMA ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថានស្តង់ដារកម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់ក្រុមហ៊ុន RMA»។

លោក ងន សាំង បានថ្លែងអំណរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់ស្តង់ដារយានយន្តនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០២២ មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា។
លោកបានបន្ថែមថា៖«យើងកំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអីសម្រាប់រថយន្ត Ford។»

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។ ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA Group ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មាន ប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម។
ជំនួបនេះក៏បានផ្លាស់ប្តូរយោបល់អំពីទិសដៅអភិវឌ្ឍន៍ឧស្សាហកម្មយានយន្ត ការលើកកម្ពស់ផលិតកម្មក្នុងស្រុក និងការពង្រឹងស្តង់ដាសុវត្ថិភាពយានយន្ត ស្របតាមគោលនយោបាយជាតិ។ ក្រុមហ៊ុន អ អិម អេ ខេមបូឌា សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះការគាំទ្រ និងការសហការយ៉ាងជិតស្និទ្ធពីក្រសួង ដែលបានលើកទឹកចិត្តដល់ការវិនិយោគ និងគំនិតផ្តួចផ្តើមថ្មីៗ។ កត្តាទាំងនេះគឺជាចំណុចសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្មជាតិ រួមទាំងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ពីគម្រោងរបស់ខ្លួនក្នុងការពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក។ ការឱ្យដឹងបែបនេះ តាមរយៈជំនួបពិភាក្សាកិច្ចសហការគាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក រវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូក្រុមហ៊ុន RMA Cambodia ដឹកនាំដោយលោក ងន សាំង អគ្គនាយកក្រុមហ៊ុន។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិយោគរយៈពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕



















