មកដឹងពីម៉ូដែល និងតម្លៃនៃ Rolls-Royce ជារង្វាន់ផ្តល់ជូនកីឡាករជម្រើសជាតិអារ៉ាប៊ីសាអូឌីត

[បរទេស] កាលពីពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងព័ត៌មានជាច្រើនបានធ្វើការផ្សព្ធផ្សាយ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ីសាអូឌីតបានយកឈ្នះទៅលើប្រទេសអាហ្សង់ទីនក្នុងជុំទីមួយនៃពូល C នៃការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ។ ដោយក្នុងនោះ ត្រូវបានគេនិយាយថា រាល់កីឡាករជម្រើសជាតិអារ៉ាប៊ីសាអូឌីតទាំងអស់ទទួលបានរង្វាន់រថយន្តដ៏ប្រណិត Rolls-Royce ក្នុងម្នាក់ ១ គ្រឿងពីជ័យជំនះនេះ។

ចំពោះជ័យជំនះនេះបានយកឈ្នះបេះដូងប្រជាជននៃប្រទេសអារ៉ាប៊ីសាអូឌីតទាំងមូល សូម្បីតែរាជទាយាទ Mohammed bin Salman បានស្នើឲ្យរៀបចំថ្ងៃឈប់សម្រាកដែលដាក់ជាថ្ងៃបុណ្យជាតិដើម្បីអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្រលើក្រុមបាល់ទាត់ប្រទេសអាហ្សង់ទីន ក្នុងនោះស្តេចនៃប្រទេសអារ៉ាប៊ីសាអូឌីត Salman បានយល់ព្រមភ្លាមៗនៅគំនិតនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
prince Mohammed bin Salman

មិនត្រឹមតែប៉ុណ្ណោះ ប្រភពជាច្រើនបានបង្ហាញថា ព្រះអង្គម្ចាស់ Mohammed bin Salman ក៏បានផ្តល់អំណោយដល់សមាជិកម្នាក់ៗនៃក្រុមជម្រើសជាតិរបស់ប្រទេសនេះនៅរថយន្តទំនើប Rolls-Royce ជារង្វាន់សម្រាប់ស្នាដៃដែលមិនធ្លាប់មានពីមុនមកក្នុងប្រវតិ្តសាស្រ្តបាល់ទាត់។ ហើយ ខាងក្រោមនេះជាម៉ូដែលរបស់ Rolls-Royce ដែលត្រូវផ្តល់ជូន៖

Rolls-Royce Phantom
  • Rolls-Royce Phantom ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧៥ លីត្រ Twin-turbo V12 អាចផលិតកម្លាំងបាន ៥៦៣ សេះ  និងកម្លាំងរមួល ៩០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ មានតម្លៃ ៤៦០​ ០០០ ដុល្លារ
  • Rolls-Royce Cullinan ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧ លីត្រ twin-turbo V-12 មានកម្លាំង ៥៦៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២​ វិលកង់ទាំងអស់ មានតម្លៃ ៣៥១ ២៥០ ដុល្លារ
  • Rolls-Royce Ghost ដំណើរការដោយម៉ាស៊ីនចំណុះ ៦,៧ លីត្រ twin-turbo V-12 មានកម្លាំង ៥៦៣ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២​ វិលកង់ទាំងអស់ មានតម្លៃ ៣៤៣ ០០០ ដុល្លារ។
Rolls-Royce Ghost

គួរបញ្ជាក់ផងដែរថា ទោះបីជានៅមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយ ហើយសម្រាប់ព័ត៌មានខាងលើនៅតែជាអាថ៌កំបាំង ប៉ុន្តែសម្រាប់ប្រទេសអ្នកមានដូចជាអារ៉ាប៊ីសាអូឌីត រឿងនេះនឹងអាចកើតឡើងជាការពិតក៏ថាបាន៕

Rolls-Royce Cullinan
ផ្ទាំងផ្សាយពាណិជ្ជកម្ម