ខាង Ford ឆ្លើយតបនឹងវីដេអូប្រកួតសមត្ថភាពរថយន្តភីកអាប់ Tesla ជាមួយ Ford F-150

វីដេអូ​បង្ហាញ​អំពី​ការ​ប្រកួត​សមត្ថភាព​អូស​ទាញ​រវាង​រថយន្ត Tesla Cybertruck ដែល​ជា​រថយន្ត​ភីកអាប់​​អគ្គិសនី ជា​មួយ​នឹង​រថយន្ត​ភីកអាប់ Ford F-150 ត្រូវ​បាន​លោក Elon Musk នាយក​ប្រតិបត្តិ​ Tesla បង្ហាញ​ចេញ អំឡុង​ពេល​ប្រកាស​ចេញ​រថយន្ត​ភីកអាប់​អគ្គិសនី​ខ្លួន។

នៅ​ពេល​នេះ​អនុប្រធាន​របស់​ក្រុមហ៊ុន Ford X ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ​របស់ Ford បាន​ឆ្លើយ​តប​ និង​បាន​​ឲ្យ​លោក Elon Musk ផ្ញើ​រថយន្ត​ Cybertruck មួយ​គ្រឿង​ដល់​ក្រុមហ៊ុន​ Ford ដើម្បី​បង្កើត​នូវ​ការ​ប្រកួត​ដ៏​ស្មើ​ភាព​មួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ឆ្លើយ​តប​នេះ​ក្រោយ​ពី​គេ​យល់​ឃើញ​ថា ការ​ប្រកួត​រវាង Cybertruck និង F-150 ជា​ការ​ប្រកួត​មិន​ស្មើ​ភាព​មួយ ព្រោះ​ថា​ Cybertruck ដែល​យក​ប្រកួត​គឺ​ជា​ប្រភេទ​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (AWD) ចំណែក​ Ford F-150 ទំនង​ជា​ប្រភេទ​ប្រើ​ប្រព័ន្ធ​ប៉ុង ១ (RWD)។

លោក​ Elon Musk ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​អនុប្រធាន​ Ford X វិញ ដោយ​និយាយ​ថា ៖ “Bring it on” ដែល​មាន​ន័យ​ថា “មិន​ខ្លាច​ទេ”។ រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​​ថា​នឹង​មាន​អ្វី​កើត​ឡើង​ត​ទៀត រវាង​ក្រុមហ៊ុន​ទាំង​ពីរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម