
ក្រុមហ៊ុន Huawei បានប្រកាសជាផ្លូវការថា ពួកគេនឹងដាក់បង្ហាញឧបករណ៍សាកថ្មកម្រិតខ្ពស់កម្លាំង ១,៥ មេហ្គាវ៉ាត់ នៅថ្ងៃទី ២២ ខែមេសា ខាងមុខនេះ។ ឧបករណ៍នេះ មានចរន្តអតិបរមា ២,៤០០អំពែរ និងអាចបញ្ចូលថាមពល ២០គីឡូវ៉ាត់ម៉ោង ក្នុង ១ នាទី ដែលអាចធ្វើឱ្យរថយន្តសាកពេញក្នុងរយៈពេលតែ ១៥ នាទី ប៉ុណ្ណោះ។ ក្នុងនោះ ឧបករណ៍សាកថ្មីនេះ ត្រូវបានរចនាឡើងសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ ដើម្បីជួយបង្រួមពេលវេលាសាក និងបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនី។
ក្រៅពី Huawei, ក្រុមហ៊ុន BYD និង Zeekr ក៏កំពុងបង្ហាញចេញនូវឆ្នាំងសាកល្បឿនលឿនរបស់ពួកគេផងដែរ ដោយ Zeekr គ្រោងនឹងដាក់ដំណើរការឆ្នាំងសាកថ្ម ១,២ មេហ្គាវ៉ាត់ ក្នុងត្រីមាសទី ២ ខណៈដែល BYD បានប្រកាសអំពីឧបករណ៍សាកថ្ម ១ ០០០ គីឡូវ៉ាត់ របស់ខ្លួនដែលអាចបញ្ចូលថាមពលបានចម្ងាយបើកបរ ៤០០ គីឡូម៉ែត្រ ក្នុងពេលតែ ៥ នាទី ប៉ុណ្ណោះ។ លើសពីនេះ BYD ក៏មានគម្រោងបង្កើនបណ្តាញសាករបស់ខ្លួនផងដែរ ដោយដំឡើងឧបករណ៍សាក ១ មេហ្គាវ៉ាត់ ចំនួន ៤ ០០០ គ្រឿង នៅចុងឆ្នាំ ២០២៥ នេះ។
ទន្ទឹមនឹងនេះ នៅក្នុងពេលមុននេះបន្តិច Huawei ក៏បានបង្ហាញបច្ចេកវិទ្យាសាកដោយមិនចាំបាច់អ្នកបើកបរចេញពីរថយន្តផងដែរ ដោយវាប្រើដៃមនុស្សយន្តដើម្បីភ្ជាប់ខ្សែសាកដោយស្វ័យប្រវត្តិដែលអាចជួយបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់។
គួរបញ្ជាក់ថា ដើម្បីបន្តក្នុងការប្រកួតប្រជែងកាន់តែខ្លាំង, ក្រុមហ៊ុន Huawei, BYD, Zeekr និងក្រុមហ៊ុនផ្សេងៗជាច្រើនបាននឹងកំពុងបោះជំហានយ៉ាងធំនៅក្នុងវិស័យឆ្នាំងសាកថ្មល្បឿនលឿន ដោយការអភិវឌ្ឍនេះអាចនឹងជួយជំរុញបញ្ហាការសាកថ្មយូរ និងធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែមានប្រសិទ្ធភាព៕