
ភាគច្រើនឲតែនិយាយពីការកែច្នៃរថយន្ត គេតែងតែឃើញមាននូវ Team Work ឬក្រុមការងារមួយក្រុមធ្វើការសហការគ្នាដើម្បីបង្កើតនូវរថយន្តមួយនោះ ប៉ុន្តែសម្រាប់បុរសជនជាតិអាមេរិក ឈ្មោះថា Ken Imhoff នេះវិញ គឺប្លែកខុសពីគេតែម្តង ដោយលោកមិនមានក្រុមការងារក្នុងការជួយឡើយ គឺលោកបានចាក់សោរខ្លួនឯងសម្ងំធ្វើរថយន្តមួយគ្រឿងដោយដៃលោកផ្ទាល់នៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់លោកអស់រយៈពេល ១៧ឆ្នាំ ពោលចាប់តាំងពីឆ្នាំ ១៩៩០ មកម្លេះ។ ហើយចំពោះមូលហេតុដែលជំរុញឲគាត់ហ៊ានធ្វើរឿងបែបនេះនោះ គឺដោយសារតែលោកបានលង់ស្រឡាញ់រថយន្តស្ព័រមួយគ្រឿងគឺម៉ូឌែល Lamborghini Countach ក្រោយពីបានមើលរឿងភាគមួយកាលពីឆ្នាំ ១៩៨១។ ម្លោះហើយ ដោយសារតែគ្មានលុយទិញឡានពិត លោកបានសម្រេចចិត្តធ្វើរឿងដ៏មិនគួរឲ្យជឿមួយនេះ។

អ្វីដែលគួរឲ្យកោតសរសើរបំផុតនោះ គឺលោកមិនមែនទិញគ្រឿងបង្គុំមកដំឡើងនោះទេ ប៉ុន្តែលោកបានចំណាយពេលបង្កើតវាដោយខ្លួនឯងតែម្តង។ ពោលគឺលោកទិញដែកយកមកដំបង្កើតចេញជាតួរថយន្ត Lamborghini មួយគ្រឿងទាំងមូល។ បន្ទាប់មកផ្សារធ្វើជាគ្រោងឆ្អឹងដោយខ្លួនឯង ហើយដើម្បីឲ្យរថយន្តមើលទៅដូចបេះបិទនឹងឡានពិតប្រាកដ គាត់ក៏បានចំណាយលុយទិញគ្រឿងតុបតែងហ្ស៊ីនពីក្រុមហ៊ុន Lamborghini ដូចជា កញ្ចក់ ឡូហ្គោ និងភ្លើងស្តុបក្រោយ យកមកដាក់ចូលផងដែរ។ ពិសេសនោះ គឺរថយន្តនេះមិនបានប្រើម៉ាស៊ីនដើមឡើយ ប៉ុន្តែគាត់បានយកម៉ាស៊ីនរថយន្ត Ford ប្រភេទ V8 មកកែច្នៃដាក់វិញ ធ្វើឲឡាននេះមានកម្លាំងរហូតដល់ ៥១៤សេះ ខ្លាំងដូចរថយន្តប្រណាំងអញ្ចឹង។

ក្រោយពីបានចំណាយពេលអស់ ១៧ ឆ្នាំ រថយន្តនេះ ក៏ត្រូវបានផលិតរួចជាស្ថាពរ ប៉ុន្តែដោយសារតែវានៅជាប់ក្នុងបន្ទប់ក្រោមដី បើកចេញតាមទ្វារធម្មតាមិនរួច លោក Ken ក៏បានសម្រេចចិត្តជួលគ្រឿងចក្រមកកាយ និងវាយកម្ទេចជញ្ជាំងផ្ទះរបស់ខ្លួនចោល ដើម្បីបើករថយន្តនេះចេញមកក្រៅ។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាគម្រោងនេះបានសម្រេចនូវក្តីស្រមៃ និងបន្សល់ទុកនូវការលះបង់ដ៏ធំធេងរបស់លោកក៏ដោយ ក៏ប៉ុន្តែការចំណាយពេល ១៧ ឆ្នាំផ្ដោតលើតែរថយន្តមួយមុខ ក៏បានធ្វើឲ្យលោកមានសម្ពាធផ្លូវចិត្តខ្លាំង ជួបវិបត្តិហិរញ្ញវត្ថុ និងឈានដល់ការលែងលះជាមួយភរិយាផងដែរ។ នៅទីបំផុត ដោយសារតែរថយន្តនេះបានរំលឹកលោកពីការឈឺចាប់ និងការលះបង់ច្រើនពេក លោកក៏បានសម្រេចចិត្តលក់វាទៅឲ្យម្ចាស់ថ្មីក្នុងតម្លៃប្រហែល ៩ ម៉ឺនដុល្លារ៕


















