[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Maextro S800 ប្រភេទ sedan ដ៏ប្រណិត ដែលផលិតរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្ត JAC ជាមួយតម្លៃលក់ចាប់ពី ១៣៧ ៨០០ ដុល្លារ ដល់ ២០៦ ៧០០ ដុល្លារ នៅប្រទេសចិន ។
រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង Turing platform ជំនាន់ទី ២ មានប្រវែងតួខ្លួនសរុប ៥ ៤៨០ ម.ម ទទឹង ២ ០០០ ម.ម កំពស់ ១ ៥៣៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ៣៧០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងថាសកង់ឌីស្សាញថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងមានពិថានដំបូលដែលហៅថា starry sky roof ស្រដៀងគ្នាទៅនឹងរថយន្ត Rolls-Royce ព្រមទាំងគ្រឿងបរិក្ខាមានគុណភាពខ្ពស់ និងតម្លៃថ្លៃ និងរំពឹងថាបំពាក់អេក្រង់ touchscreen ចំនួន ៣ ប្រើប្រព័ន្ធប្រតិបត្តិការរបស់ Huawei ។ លើសពីនេះ រថយន្តនេះក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ៣ ផងដែរ ។
គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកថាមពលម៉ាស៊ីនវិញ ក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយនោះទេ ខណៈការដាក់លក់ជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅក្នុងឆ្នាំ ២០២៥ ៕