វាមានរយ:ពេល ៦ខែហើយ ដែលរូបថតដំបូងរបស់រថយន្ត Ford Equator សម្រាប់ទីផ្សារប្រទេសចិន ត្រូវបានបែកធ្លាយ ហើយពេលនេះវាក៏បានបង្ហាញមុខកាន់តែច្បាស់ មុនពេលចេញផ្លូវការនាខែក្រោយ។
Equator គឺជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន Jiangling និង Ford ហើយវានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុន Jeep Grand Commander និង Toyota Highlander។ SUV ខាងលើមានប្រវែង ៤ ៩០៥មីល្លីម៉ែត្រ ទទឹង ១ ៩៣០មីល្លីម៉ែត្រ និងកម្ពស់ ១ ៧៥៥មីល្លីម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៨៦៥មីល្លីម៉ែត្រ។
Ford Equator នឹងបំពាក់ជាមួយម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ និងជម្រើសប្រអប់លេខអូតូ និង លេខដៃ ៥វគ្គ ក៏ដូចជា ជម្រើសប៉ុងមួយ RWD និង ប៉ុងពីរ AWD ផងដែរ។
ដូចម៉ូឌែលនៅលើទីផ្សារប្រទេសចិនផ្សេងទៀត ដែលផលិតរវាងក្រុមហ៊ុន Jiangling និង Ford មើលទៅខុសគ្នាឆ្ងាយពី SUV របស់ Ford ដែលលក់នៅទីផ្សារផ្សេងទៀត។ តួរយ៉ាងដូចជា ផ្នែកជំហៀងខាងមុខវាបានបំពាក់ សំណុំចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃ LED និងចុះក្រោមបន្តិចមានរន្ធបញ្ចេញខ្យល់ និងភ្លើងហ្វា ព្រមទាំងប៉ាណាមួយផ្ទាំងធំ ពណ៌ខ្មៅនៅចំកណ្តាល។ រីឯខាងក្នុងកាប៊ីន វាបានបំពាក់ជាមួយអេក្រង់ភ្លោះទំហំរហូតដល់ ១២,៣អ៊ីញ, ប្រព័ន្ធជំនួយការបើកបរ Co-Pilot360 និងកៅអីចំនួន ៦៕