គោលដៅលក់ឡាន EV ចំនួន ១,៥ លានគ្រឿងក្នុងឆ្នាំក្រោយរបស់ Toyota ប្រហែលត្រូវលុបចោល!

ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនរថយន្តធំមួយនៅជប៉ុន បានប្រកាសឲដឹងថា ពួកគេកំពុងនឹងពិចារណាក្នុងការផ្លាស់ប្តូរលើផែនការលក់រថយន្តអគ្គិសនីចំនួន ១,៥ លានគ្រឿងក្នុងឆ្នាំ ២០២៦ វិញ បន្ទាប់ពីស្ថានភាពទីផ្សារនៃការលក់រថយន្តនាពេលសព្វថ្ងៃនេះមានការផ្លាស់ប្តូរយ៉ាងលឿន និងសម្ពាធនយោបាយពាណិជ្ជកម្មថ្មីៗជាបន្តបន្ទាប់ ក្រោយពីការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងការវាយលុកក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តចិន។

ក្នុងនោះ ក្រុមហ៊ុន Toyota អាចនឹងកាត់បន្ថយគោលដៅលក់រថយន្តរបស់ខ្លួនដែលបានកំណត់ពីចំនួន ១,៥ លានគ្រឿងក្នុងឆ្នាំ ២០២៦ ទៅចំនួន ១លានគ្រឿង វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្នុងឆ្នាំមុន ក្រុមហ៊ុន​ Toyota បានលក់រថយន្តអគ្គិសនីបានចំនួនប្រហែលតែ ១៤៥ ០០០ គ្រឿង ឫ ១ភាគរយ ប៉ុណ្ណោះ នៃរថយន្តសរុបចំនួន ១០,២ លានគ្រឿង ដែលពួកគេបានលក់។ ជាមួយគ្នានេះ ដើម្បីឲការលក់រថយន្ត EV របស់ខ្លួន អាចប្រជែងនឹងទីផ្សារបាន ក្រុមហ៊ុនមួយនេះក៏បានចាប់ផ្តើមបង្ហាញចេញនូវរថយន្ត EV ថ្មីៗរបស់ខ្លួនដូចជា Urban Cruiser, C-HR+ និង bZ4X នៅអឺរ៉ុប និង bZ3X នៅប្រទេសចិនផងដែរ ដែល bZ3X នៅទីផ្សារចិនគឺមានតម្លៃត្រឹមតែ ១មុឺនដុល្លារ ប៉ុណ្ណោះ។

គួរឲដឹងថា ក្រុមហ៊ុន Toyota ក៏គ្រោងនឹងបញ្ចេញនូវរថយន្ត EV ថ្មីៗរបស់ខ្លួនចំនួន ១០ ម៉ូឌែលផ្សេងទៀត (មានទាំងម៉ូឌែលរបស់ Toyota និង Lexus ) នៅក្នុងតំបន់សំខាន់ៗជាច្រើនជុំវិញពិភពលោកមុនឆ្នាំ ២០២៧ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម