Toyota និង Lexus ប្រកាសដាក់លក់ឡានលើ Amazon ជាផ្លូវការ នៅអង់គ្លេស

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota និង Lexus នៅចក្រភពអង់គ្លេសបានប្រកាសថាពួកគេបានបើកដំណើរការហាងលើសេវាកម្មអនឡាញ Amazon ដែលនឹងមានបើកដំណើរ ២៤ម៉ោងក្នុងថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍។ ហាងនេះនឹងអាចឲ្យអតិថិជនពិនិត្យមើលទិញរថយន្តថ្មីៗ រួមជាមួយគ្រឿងបន្លាស់តាមអនឡាញបានយ៉ាងរហ័ស។

ក្រុមហ៊ុនទាំងពីរប្រចាំនៅចក្រភពអង់គ្លេសបច្ចុប្បន្នកំពុងព្យាយាមបង្កើនចំនួនផលិតផលដែលមានក្នុងស្តុក ប៉ុន្តែពួកគេមានគម្រោងដាក់លក់ទំនិញរាប់ពាន់មុខ មានចាប់ពីស្បែកហ្វ្រាំង, ផ្លិតទឹក, កម្រាលព្រំក្នុងរថយន្ត និងគ្រោងដែកដាក់លើដំបូលរថយន្តផងដែរ។ បន្ថែមពីនេះហាងអនឡាញនេះក៏នឹងមានលក់ផលិតផលម៉ាក Gazoo Racing សម្រាប់រថយន្តម៉ូដែល GR Sport របស់ Toyota ថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនបាននិយាយថាគ្រឿងបន្លាស់ដែលអតិថិជនទិញតាមរយៈហាងនៅលើ Amazon នឹងត្រូវបានការពារដោយការធានារ៉ាប់រង ដូចពេលដែលទិញពីហាង Toyota និង Lexus ផ្ទាល់អ៉ីចឹងដែរ ហើយអតិថិជនអាចទុកចិត្តថានឹងទទួលបានផលិតផលមានគុណភាពដូចគ្នាផងដែរ។

គួរដឹងថាមុន Toyota និង Lexus ក្រុមហ៊ុន Hyundai បានដាក់ដំណើរការហាងអនឡាញលើ Amazon រួចមកហើយ ដោយដាក់ដំណើរការលើ Amazon នៅសហរដ្ឋអាមេរិក ដែលអតិថិជនអាចទិញរថយន្ត Hyundai រួមជាមួយគ្រឿងបន្លាស់តាមអនឡាញបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម