គំរូរថយន្តអគ្គិសនី Honda e:N2 Concept ស៊េរី​ថ្មី​ ​បង្ហាញ​ខ្លួនជាផ្លូវការ​នៅ​ក្នុងប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញជាផ្លូវការនៅរថយន្តគំរូ Honda e:N2 Concept នៅក្នុងប្រទេសចិន។

Honda e:N2 Concept គឺជារថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F platform ដែលជាគ្រោងឆ្អឹងសម្រាប់គ្រួសាររថយន្តអគ្គិសនី e:N Series ។ ការរចនាផ្នែកខាងក្រៅនៃ Honda e:N2 Concept ត្រូវបានរចនាឡើងខុសប្លែកពីរថយន្ត Honda ផ្សេងទៀតនាពេលបច្ចុប្បន្ននេះ ដោយចង្កៀងមុខត្រូវបានរចនាឡើងជារាងអក្សរ H អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។ ខណៈ​ដែល​រូបរាង​ខាង​ក្រោយ​មាន​ចង្កៀង​រាង​អក្សរ H ធំ​ដូចគ្នាទៅនឹង​ផ្នែក​ខាង​មុខ ជាមួយឡូហ្គោ HONDA ដែលអាចបញ្ចេញពន្លឺពណ៌ស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងយ៉ាងប្រណិត និងផាសុកភាព ភ្ជាប់មកជាមួយដៃចង្កូតដែលត្រូវបានរចនាឡើងរាងជាជ្រុង។ ខណៈ ​អេក្រង់​កណ្តាល​ដែល​ត្រូវ​បាន​បង្កប់​ជាមួយ​កុងសូល​ពេល​បើកបរ​ទិន្នន័យ​នឹង​បង្ហាញ​នៅ​លើ​កញ្ចក់​។ មិនត្រឹមតែប៉ុណ្ណោះ កុងសូលខាងមុខ និងទ្វារក៏ត្រូវបានរចនាឡើងដើម្បីឲ្យមានភ្លើងជុំវិញផ្នែកខាងក្នុង ដើម្បីបង្កើតបរិយាកាសផងដែរ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Motor ក៏បានបន្ថែមថា ក្រុមហ៊ុន Honda គ្រោងនឹងបន្តដាក់ដាក់បង្ហាញរថយន្តអគ្គិសនីជាបន្តបន្ទាប់នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះ គំរូ e:N2 Concept ឆ្លុះបញ្ចាំងពីតម្លៃនៃរថយន្តអគ្គិសនី e:N Series ដែលផ្តោតលើការបើកបរអគ្គិសនី ហើយជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Honda ក្នុងការផ្លាស់ប្តូរទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធផងដែរ។

គួរបញ្ជាក់ផងដែរថា​ សម្រាប់គំរូរថយន្តអគ្គិសនី Honda e:N2 Concept ​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​ International Import Expo 2022 នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃ​ទី ៥ ដល់​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម