
ក្រុមហ៊ុនបច្ចេកវិទ្យា Dreame បាននិងកំពុងបង្កើតព្យុះភ្លៀង នារយ:ពេលប៉ុន្មានសប្តាហ៍នេះ ជាពិសេសជាមួយនឹងមហិច្ឆតារបស់ខ្លួនចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនី ជាមួយការមហិច្ចតាប្រជែងជាមួយ Bentley និង Bugatti ពិសេសប្រកាសថារថយន្តអគ្គិសនិប្រណីតដំបូងរបស់ខ្លួននឹងប្រកួតប្រជែងជាមួយ Bugatti Veyron ហើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ២០២៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Sina Tech ក្រុមហ៊ុន Dreame កំពុងបោះឆ្នោតប្រចាំសប្តាហ៍លើសំណើររចនារថយន្ត ដែលគិតមកដល់ឥឡូវនេះវាជាសប្តាហ៍ទី៣៨ របស់ពួកគេ។ នេះបង្ហាញថាក្រុមហ៊ុននេះបានមានផែនការទៅលើការផលិតរថយន្តរបស់ខ្លួនតាំងពីចុងឆ្នាំ ២០២៤។ ហើយជីវកម្មរថយន្តនេះនឹងបែងចែកជា ២ម៉ាកយីហោដាច់ដោយឡែកពីគ្នាគឺ Dreame Automotive និង Starry Automotive ។
ក្នុងនោះ Sina Tech បានបន្ថែមថា Dreame បានជ្រើសរើសក្រុមការឆ្នើមៗ និងសំខាន់ៗ ចូលរួមជាមួយខ្លួនផងដែរ។ ក្នុងនោះ Starry Plan Automotive Technology Co.,Ltd បានចុះបញ្ជីជាមួយដើមទុន ១៣៩លានដុល្លារ ជាមួយទីស្នាក់ការនៅ Lingang ទីក្រុងសៀងហៃ ដោយក្នុងនោះ លោក Yu Hao ស្ថាបនិក Dreame កាន់កាប់ភាគហ៊ុន ៨០%។ យោងតាមរបាយការណ៍បង្ហាញថានៅចុងឆ្នាំ២០២៤ Dreame បានដាក់ពាក្យសុំប៉ាតង់ចំនួន ៦ ៣៧៩ នៅទូទាំងពិភពលោកផងដែរ៕