ចាប់អារម្មណ៌អត់? បើឡានអគ្គិសនីដ៏ទំនើបមួយនេះ មានវត្តមាននៅខ្មែរជាមួយតម្លៃក្រោម ៤ម៉ឺន?

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយនៅក្នុងប្រទេសចិន ហើយក៏ទទួលបានជោគជ័យ និងការគាំទ្រខ្លាំងផងដែរ។ ហេតុនេះហើយ ទើបបច្ចុប្បន្ននេះក៏មានក្រុមហ៊ុនផ្លូវការនៅក្នុងប្រទេសកម្ពុជាដែរនោះ នឹងនាំយកនូវរថយន្តអគ្គិសនី ម៉ូដែល BYD e2 មកលក់លើទីផ្សារក្នុងស្រុក នាពេលឆាប់ៗខាងមុខនេះ។

BYD e2 គឺជារថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីខ្នាតតូច ដែលទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ និងលេចធ្លោ ដោយកំពូលអ្នកឌីហ្សាញរថយន្តដ៏ល្បីឈ្មោះ គឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តល្បីៗ ដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។

ផ្នែកខាងមុខ វាបានបំពាក់ប៉ាណាមុខដែលឌីហ្សាញតាមហ្វូងផ្កាយភ្លឺចែងចាំងនៅលើមេឃ ព្រមជាមួយនឹងប្រព័ន្ធចង្កៀងមុខ LED ដ៏ទំនើប ដោយក្នុងនោះរួមមាន ភ្លើងកូត ភ្លើងហ្វា ភ្លើងសម្រាប់ផ្លូវកោង និង ភ្លើងបំភ្លឺពេលថ្ងៃ ផងដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏មានបំពាក់ចង្កៀង LED បែបទ្រវែងកាត់ពេញផ្នែកខាងក្រោយនៃរថយន្ត ដែលជួយរំលេចនូវភាពអង់អាច ក៏ដូចជាឲ្យអ្នកបើកបរពីខាងក្រោយងាយស្រួលមើលឃើញ ដែលផ្តល់នូវសុវត្ថិភាពថែមមួយកម្រិតទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើវាជារថយន្ត SUV មែន ប៉ុន្តែវានឹងផ្តល់ឲ្យនូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ជាមួយនឹងទម្ងន់ខ្លួនស្រាលគឺត្រឹមតែ ១ ២៥០គីឡូក្រាមប៉ុណ្ណោះ ហើយថែមទាំងមានការឌីហ្សាញរាងបែបឈរជើង និងដំបូលទាប។ រថយន្ត BYD e2 មានប្រវែងសរុប ៤ ២៤០មីល្លីម៉ែត្រ, ទទឹង ១ ៧៦០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៣០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦១០មីល្លីម៉ែត្រ។ ទោះបីជាមើលពីក្រៅ ឃើញថាវាមានរូបរាងតូច ប៉ុន្តែ SUV មួយនេះមានកាប៊ីនខាងក្នុងធំទូលាយ ហើយអាចផ្ទុកអីវ៉ាន់បានដល់ ៣៦០លីត្រសម្រាប់ឃ្លុបខាងក្រោយ។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញនូវព័ត៌មានជាច្រើនយ៉ាងច្បាស់ និងងាយស្រួលមើល គួបផ្សំនឹងអេក្រង់កម្សាន្តធំ ទំហំដល់ ១០,១អ៊ីញទៀតផង។ ក្នុងនោះអ្នកបើកបរក៏អាចជ្រើសរើសមុខងារបើកបរ ដូចជា Sport Mode, Snow Mode និង Eco Mode ផងដែរ។

រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

ក្រៅពីនោះវាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ហ្រ្វាំង ABS, ហ្វ្រាំង Electronic Brakeforce Distribution, មុខងារជំនួយពេលឡើងចំណោត Hill-Hold Control, មុខងារទប់លំនឹង Traction Control System, ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System, មុខងារទប់លំនឹង Vehicle Dynamic Control និង ហ្វ្រាំងដៃអូតូ Auto Hold ផងដែរ។ យើងនឹងរង់ចាំមើលលក្ខណៈពិសេស លម្អិតនៅពេលរថយន្តនេះមានវត្តមានផ្លូវការនៅកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម