
បន្ទាប់ពីបានចំណាយពេលប្រមាណ ៦ខែ ឬ ១ឆមាស នៅក្នុងការលក់រថយន្តរបស់ខ្លួននៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក ពេលនេះ ក្រុមហ៊ុន BYD បានក្លាយជាក្រុមហ៊ុនទី ១ ដែលមានចំនួនលក់រថយន្តច្រើនជាងគេនៅក្នុងទីផ្សារទាំង ៧ នេះហើយ ដោយក្នុងនោះរួមមានទីផ្សារហុងកុង សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី អេស្ប៉ាញ អ៊ីតាលី និងប្រេស៊ីល។
បើយោងតាមការរាយការណ៍ពីលោក Li Yunfei ដែលជាអ្នកគ្រប់គ្រងទូទៅផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន BYD ផ្ទាល់បានឲដឹងថា នៅក្នុងទីផ្សារហុងកុង និងសិង្ហបុរី ក្រុមហ៊ុន BYD គឺបានលក់រថយន្តបានចំនួន ៤ ៩០៩ និង ៤ ៦៦៧ គ្រឿង ចំណែកនៅក្នុងប្រទេសថៃ លក់បានចំនួន ២៤ ០៧២គ្រឿង កើនឡើង ៦៤,១% បើប្រៀបធៀបឆ្នាំមុន ខណៈនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ លក់បានចំនួន ១៩ ៨២៥គ្រឿង ហើយនៅអេស្ប៉ាញ BYD លក់បាន ១០ ១៩៦គ្រឿង ខណៈនៅប្រទេសអ៊ីតាលី និងប្រេស៊ីល លក់បាន ៩ ៥១៧ និង ៤៧ ១០៧គ្រឿង។
ជាសរុប នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ក្រុមហ៊ុន BYD គឺបានលក់រថយន្តសរុបរបស់ខ្លួនបានចំនួនជាង ២,១ លានគ្រឿង ឯណ្ណោះ។ ជាមួយគ្នានេះ ក្រុមហ៊ុនផ្ទាល់ក៏គ្រោងនឹងបន្ថែមនូវនាវាដឹករថយន្តចំនួន ៨គ្រឿន បន្ថែម នាពេលឆាប់ៗខាងមុខនេះផងដែរ៕