ចិនដាក់ពន្ធថ្មី ១០% បន្ថែមលើ ១៥% មានស្រាប់ ចំពោះរថយន្តផលិត និងនាំចូលពីសហរដ្ឋអាមេរិក

[បរទេស] ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុវត្តការយកពន្ធបន្ថែម ១០% ទៅលើទំនិញរបស់ចិន នាំចូលនៅកាន់ប្រទេសរបស់ខ្លួន ពេលនេះ ប្រទេសចិនក៏បានប្រកាសដាក់ពន្ធថ្មីចំនួន ១០% លើរថយន្តផលិត និងនាំចូលពីសហរដ្ឋអាមេរិក ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ ២០២៥ នេះ តទៅ។

គួរឲ្យដឹងថា ការបន្ថែម​ពន្ធ ១០% ​ថ្មី​របស់​ប្រទេស​ចិន​លើ​រថយន្ត​ដែល​មាន​ម៉ាស៊ីន​ធំ​ជាង ២,៥ លីត្រ​ ជាការបន្ថែម​​ពីលើ​ពន្ធ ១៥% ​ដែល​មាន​ស្រាប់ ដោយធ្វើឲ្យប៉ះពាល់ដល់រថយន្តរបស់ក្រុមហ៊ុនដូចជា Ford, GM និង BMW មានតម្លៃប្រហែល ៣,១ ពាន់លានដុល្លារត្រូវបាននាំចូលពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនក៏បានប្រកាសពន្ធបន្ថែមពន្ធនាំចូលពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន រួមមាន ១០% លើឧស្ម័នធម្មជាតិរាវ, ១៥% លើប្រេងឆៅ និងគ្រឿងចក្រកសិកម្ម ១០% ព្រមទាំងដាក់ការត្រួតពិនិត្យការនាំចេញលើលោហៈកម្រចំនួន ២៥ មុខ ដោយលោហធាតុទាំងនេះ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងផលិតផលអគ្គិសនី និងឧបករណ៍យោធា រួមទាំងសារធាតុដែលត្រូវបានប្រើនៅក្នុងឧស្សាហកម្មអវកាស ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម