
យោងតាមការចុះផ្សាយពីសារព័ត៌មាន Car News China បានបង្ហាញថា ម៉ូដែលរថយន្ត SUV ខ្នាតកណ្តាលរបស់ក្រុមហ៊ុន BYD គឺ Song Plus ឬស្គាល់ថាជា Sealion 6 សម្រាប់ទីផ្សារសកល ត្រូវបានដកចេញជាផ្លូវការពីបញ្ជីរថយន្តសម្រាប់លក់ក្នុងប្រទេសចិនហើយ ហើយក៏លែងបង្ហាញខ្លួននៅលើទំព័រផ្លូវការរបស់ត្រកូល Ocean របស់ BYD ទៀតហើយ។

ចំពោះមូលហេតុនៃការបញ្ឈប់ការលក់នៅក្នុងស្រុកនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការរៀបចំ(Realignment) នូវម៉ូឌែល SUV ឡើងវិញសម្រាប់ត្រកូល Ocean របស់ BYD។ ទោះបីជាការលក់ក្នុងស្រុកត្រូវបានបញ្ចប់ក៏ Sealion 6 នៅតែបន្តផលិត និងដាក់លក់នៅក្នុងទីផ្សារក្រៅស្រុកដដែល។ ចំណែកទីផ្សារប្រទេសចិន ក្រុមហ៊ុនបានកំណត់យកម៉ូដែល Sealion 06 ជាអ្នកបន្តវេនរបស់ Sealion 6។ ដោយម៉ូដែល Sealion 06 នឹងបន្តការលក់ក្នុងស្រុក ជាមួយនឹងការរចនាខាងក្រៅថ្មី ការផ្លាស់ប្តូរ Line-Up ក្នុងត្រកូល និងបច្ចេកវិទ្យាថ្មីទៅលើគ្រោងឆ្អឹង។

គួររំលឹកផងដែរថា ចាប់តាំងពីការដាក់បង្ហាញកាលពីខែកញ្ញា ឆ្នាំ២០២០មក ម៉ូដែល Sealion 6 / Song Plus គឺម៉ូឌែលដ៏សំខាន់នៃត្រកូលរថយន្ត SUV របស់ BYD។ ដោយនៅក្នុងប្រទេសចិន ម៉ូដែលនេះសម្រេចបានការលក់សរុបពេញមួយឆ្នាំបានចំនួន ៤០០ ៩២០គ្រឿងក្នុងឆ្នាំ២០២៥ ដែលបង្ហាញពីប្រជាប្រិយភាពដ៏ខ្លាំងក្លានៃម៉ូឌែលនេះ៕

























