នៅពេលដែលក្រុមហ៊ុន Mansory ដាក់បង្ហាញរថយន្ត Ford GT Le Mansory កាលពីខែមិថុនា ពួកគេបានប្រកាសពីលក្ខណៈពិសេសទាំងអស់អំពីវា ប៉ុន្តែមិនបានប្រាប់ពីតម្លៃរបស់វាឡើយ។
ឥឡូវនេះ យោងតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្ត Ford GT Le Mansory ដែលផលិតមានចំនួនកំណត់នេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ២,១លានដុល្លារ។ តម្លៃប៉ុណ្ណេះ អ្នកអាចទិញបានរថយន្តផ្សេងទៀតដូចជា McLaren Senna, Bugatti Veyron, Porsche 918 និង Ford GT ធម្មតាដល់ទៅ ២គ្រឿងឯណោះ។
គួរឲ្យដឹងថា រថយន្ត Ford GT Le Mansory នេះ នឹងត្រូវផលិតតែ ៣គ្រឿងគត់លើលោក។ ការឌីហ្សាញលើ Ford GT Le Mansory ក៏ខុសពី Ford GT ធម្មតាដែរ ជាពិសេសការបំពាក់ Carbon Fiber លើតួខ្លួន និងការឌីហ្សាញឡើងវិញនូវផ្នែកខាងមុខ, បំពាក់ចង្កៀង LED ថ្មី, ដំបូលម៉ាស៊ីនថ្មី និងរន្ធបឺតខ្យល់ធំជាងមុន ជាដើម។
រថយន្ត Ford GT Le Mansory បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៧០០សេះ អាចរត់ដល់ល្បឿនអតិបរមា ៣៥៤គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ២២០ម៉ាយ៍ក្នុងមួយម៉ោង៕