បន្ទាប់ពីបានប្រកាសចេញភីកអាប់ F-150 Raptor ជំនាន់ថ្មី កាលពីឆ្នាំមុនរួចមក ក្រុមហ៊ុន Ford ក៏បានបង្ហើបគម្រោងសម្រាប់ម៉ូដែលពិសេស កាន់តែខ្លាំង F-150 Raptor R ផងដែរ ដើម្បីប្រជែងជាមួយ Ram 1500 TRX។
ឥឡូវនេះ លោក Jim Farley ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Ford បានបង្ហោះវីដេអូខ្លីមួយ នៅលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញនូវភីកអាប់ដ៏អង់អាច និងអស្ចារ្យមួយនេះ។
Can't wait to share more details about F-150 Raptor R later this year. The V8 sounds amazing! #RaptorR pic.twitter.com/qTOxKvp1ll
— Jim Farley (@jimfarley98) June 14, 2022
កំណត់ឲ្យបង្ហាញខ្លួននៅចុងឆ្នាំនេះ រថយន្ត Ford F-150 Raptor R ឆ្នាំ២០២៣ នឹងដើរតាមម៉ូដែលស្ត់ងដារ ប៉ុន្តែប្រើម៉ាស៊ីន supercharged ចំណុះ ៥,២លីត្រ Predator V8 ដែលអាចបង្កើតកម្លាំងបានដល់ ៧៦០សេះ និងកម្លាំងរមួល ៨៤៦ញ៉ូតុនម៉ែត្រ។
គួរឲ្យដឹងថា Ram 1500 TRX មានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 មានកម្លាំង ៧០២សេះ និងកម្លាំងរមួល ៨៨០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី ហើយមានល្បឿនអតិបរមា ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតដទៃទៀត យើងមានតែរង់ចាំមើល នៅពេល F-150 Raptor R បង្ហាញខ្លួនជាផ្លូវការប៉ុណ្ណោះ៕