[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Changan Nevo E07 ប្រភេទរថយន្ត SUV ជាមួយតម្លៃលក់ចាប់ពី ៣៥ ១០០ ដុល្លារ ដល់ ៤៤ ៩០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៣៣៨ សេះ
- ម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង ២ AWD ទំហំ ៣៣៨ សេះ និង ២៥២ សេះ
គួរបញ្ជាក់ផងថា រថយន្តនេះ អាចបើកបរបានចម្ងាយចាប់ពី ៥៥១ ទៅ ១ ០០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរបានចម្ងាយ ៣៦៥ គីឡូម៉ែត្រ ដោយចំណាយពេលសាកត្រឹមតែ ១៥នាទី ប៉ុណ្ណោះ។
លើសពីនេះទៅទៀត រថយន្តនេះ ក៏ផ្តល់ជូននូវជម្រើស EREV ផងដែរ ដែលធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ រួមជាមួយនឹងជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣១០សេះ និង ១៧៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៨៥ គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជា Touchscreen ទំហំ ១៥,៤ អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ ២៨អ៊ីញ ប្រព័ន្ធសម្លេង ១៨ ចំនុច មុខងារកៅអីផ្សេងៗជាច្រើន និងអំពូលបំភ្លឺ ambient lighting ចំនួន ២៥៦ពណ៌ជាដើម៕