
[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ BYD Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ កៅអី ៣ជួរ ប្រភេទ Plug-in Hybrid ជាមួយតម្លៃលក់ចាប់ពី ៥៤ ០០០ ដុល្លារ ដល់ ៦២ ០០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម កម្ពស់ ១ ៨៣០ ម.ម ទទឹង ២ ០៣០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៩០៧ សេះ ផ្គួបជាមួយអាគុយទំហំ ៤៦,៩គីឡូវ៉ាត់ អាចបើកបរបានចម្ងាយ ២០២ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងសរុប ១ ៣០២ គីឡូម៉ែត្រ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ប្រើពេល ៣,៩ វិនាទី សុីប្រេង ៦,៣លីត្រ/១០០គ.ម។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ រថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត អបដោយសំណុំចង្កៀងមុខប្រភេទគុជ LED ចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២១ និង ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED អូសពីម្ខាងទៅម្ខាង។
សម្រាប់នៅផ្នែកខាងក្នុងវិញ ទទួលបានបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព BYD’s God Eye និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប រួមជាមួយនឹងអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១៣,២អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៧,៣ អ៊ីញ អេក្រង់កម្សាន្ត touchsreen ទំហំ ១៣,២អ៊ីញ អេក្រង់លើកញ្ជក់ HUD ទំហំ ៥០អ៊ីញ កន្លែងសាកថ្មឥតខ្សែចំនួន២ អេក្រង់កម្សាន្ត touchsreen ទំហំ ១៧,១អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងក្រោយ និងទូរទឹកកកទំហំ ១១,២លីត្រ មានមុខងារក្តៅ-ត្រជាក់ជាដើម៕