Porsche បានប្រកាសចេញនូវលទ្ធផលប្រចាំត្រីមាសទីមួយឆ្នាំ ២០២០ ដែលចំនួនលក់ទូទាំងពិភពលោកមានការធ្លាក់ចុះ ៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ក៏ដោយសារតែការផ្ទុះជំងឺកូវីដ១៩។
ពីខែមករា ដល់ខែមីនា ក្រុមហ៊ុនអាល្លឺម៉ង់នេះលក់រថយន្តបានសរុប ៥៣ ១២៥ គ្រឿងនៅទូទាំងសកលលោក ដែលតិចជាងឆ្នាំមុន ២ ៥៧៥ គ្រឿង។ ក្នុងចំណោមនោះមាន ១៤ ០៩៨ គ្រឿងលក់ចេញទៅប្រទេសចិន (ថយចុះ ១៧%) និង ១១ ៩៩៤ គ្រឿង លក់ចេញទៅអាមេរិក (ថយចុះ ២០%)។
សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក, អាហ្វ្រិក និងមជ្ឈិមបូព៌ាវិញមានចំនួនលក់ ២២ ០៣១ គ្រឿង ថយចុះ ៨% ខណៈដែលចំនួនលក់នៅអឺរ៉ុបកើនឡើង ២០% ដែលលក់បាន ១៦ ៧៨៧ គ្រឿង។ យ៉ាងណាក្ដីនៅអាល្លឺម៉ង់ដែលជាទឹកដីកំណើតមានចំនួនលក់ ៥ ២១៤ គ្រឿង ដែលថយចុះ ៦%។
រថយន្តលក់ដាច់បានច្រើនជាងគេរបស់ Porsche ក្នុងពេលបីខែដំបូងនាឆ្នាំ ២០២០ គឺម៉ូដែល Cayenne ដែលលក់បាន ១៨ ៤១៧ គ្រឿង តាមពីក្រោយដោយម៉ូដែល Macan ដែលលក់បាន ១៥ ៥៤៧ គ្រឿង៕